ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ ជាប់ការតេស្តគុណភាពហើយ ក្រោយប្រើជាក់ស្ដែងមួយរយៈ

បន្ទាប់ពីបើកឱ្យសាធារណជនបើកបរមួយរយៈរួចមក កំណាត់ផ្លូវជាតិលេខ១១ ប្រវែង ៩៦គម តភ្ជាប់ពីអ្នកលឿងទៅត្បូងឃ្មុំ កាលពីថ្មីៗនេះ ត្រូវបានទទួលស្គាល់គុណភាព និងបានធ្វើការប្រគល់ពីក្រុមហ៊ុនសាងសង់ឱ្យរដ្ឋដោយជោគជ័យហើយ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា អះអាងថា ក្នុងអំឡុងពេលសាងសង់ផ្លូវខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ ១១០០នាក់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោងពង្រីកផ្លូវជាតិលេខ១១ មានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ខេត្តត្បូងឃ្មុំ ។
គម្រោងនេះ បើកការដ្ឋានតាំងពីខែមីនា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលសាងសង់ដោយ ក្រុមហ៊ុន China Road and Bridge Corporation ក្រោមថវិកា ៩៤លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋ។

ជាក់ស្ដែងគម្រោងទើបតែបញ្ចប់ និងដាក់ឱ្យសាធារណជនបើកបរកាលពីនៅដើមឆ្នាំ២០២១ នេះ។

- Video Advertisement -