ផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ក្រសួងសារធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឱ្យពន្លឿនការសិក្សាលម្អិត និងស៊ីជម្រៅលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ឱ្យបានឆាប់បំផុត ព្រោះនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រសួងសារធារណការ និង ដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី ២៤ មិថុនា ២០២២ នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសារធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនឱ្យធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕
បច្ចុប្បន្ន ក្រុមអ្នកជំនាញឯកទេសរបស់ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា បញ្ហាចម្បងគឺយើងត្រូវសិក្សាលម្អិត ដោយផ្តោតលើលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ក្នុងរាជធានីភ្នំពេញ។
ម្យ៉ាងទៀតក្រុមហ៊ុនបានធ្វើការសិក្សារួចខ្លះហើយ ដោយផ្អែកទៅលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម… ។ល។
ទាក់ទងគម្រោងសិក្សារថភ្លើងលើអាកាស កន្លងមកគឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។ (អានបន្ថែម)

