ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ក្នុងឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយគ្រោងចំណាយអស់ទឹកប្រាក់ប្រមាណ ១៦៣៨លានដុល្លារអាមេរិក។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា «សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿនលឿនរបស់គាត់ធ្វើចប់ គាត់បានលើកឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់»។
ឯកឧត្តមបានបន្តថា «ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវខាងគាត់ត្រូវរត់មកតាមផ្លូវលេខ២២ និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹងធ្វើជាលាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំងដែលយើងតភ្ជាប់ជាមួយគ្នា»។
ឯកឧត្តមបញ្ជាក់បន្ថែមថា «ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាម តាមរយៈផ្លូវនេះ ជាផ្លូវអាសានលេខ១ ដែលយើងកំពុងពង្រីកពី ២គន្លង ទៅ ៤គន្លង ពីប៉ោយប៉ែតទៅភ្នំពេញ ហើយយើងតភ្ជាប់ពីភ្នំពេញទៅបាវិត»។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ផ្លូវល្បឿនលឿននេះ នឹងចាប់ផ្តើមធ្វើ ស្របពេលមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញសាងសង់ចប់ ដែលបម្រើដល់ការដឹកទំនិញឆ្លងកាត់ផងដែរពីកម្ពុជាទៅវៀតណាម ឬពីវៀតណាមមកកម្ពុជាវិញ។(អានបន្ថែម)
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។
ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។