ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងថ្លៃជាងគេរបស់ចិនក្នុងពិភពលោក
រូបភាពដោយ ហ្វ៊េសប៊ុក សម្តេច ហ៊ុន សែន
ជាមួយនឹងការបើកការដ្ឋានសាងសង់ខិតជិតមកដល់ ម្ចាស់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអះអាងថា គម្រោងនេះគឺជាគម្រោងដែលធំនិងថ្លៃជាងគេរបស់ខ្លួនក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយលើទំព័រហ៊្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រីកម្ពុជា។
លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនមួយនេះបានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ថា គម្រោងតម្លៃប្រមាណជា ២ពាន់លានដុល្លារមួយនេះ គឺជាការវិនិយោគដ៏ធំមួយរបស់ខ្លួនមកកម្ពុជា និងជាពិសេស វាគឺជាគម្រោងដែលធំបំផុតមួយក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុនបានវិនិយោគនៅក្រៅប្រទេស។
ជាងនេះទៀត លោក Weng Gang ក៏បានបន្ថែមថា ក្រុមហ៊ុន CRBC ពេញចិត្តក្នុងការរួមចំណែកជំរុញកំណើនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដែលកន្លងមកក្រុមហ៊ុនបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារួចមកហើយ។
គួររម្លឹកថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺនឹងមានការសាងសង់ផ្លូវជា ៤គន្លង ប្រវែង សរុប ១៩០.៣៦៥គ.ម ដោយអាចកាត់បន្ថយចំងាយផ្លូវធ្វើដំណើររហូតដល់ ៥០គ.ម ហើយគ្រោងនឹងដាក់សម្ពោធឲ្យដំណើរការសាងសង់ជាផ្លូវការនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ។ (អានបន្ថែម)

