ផ្សារទំនើប Aeon ក្លាយជាផ្សារទំនើបដែលមានដំបូលបន្ទះសូឡាខ្នាតធំជាងគេ នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) កាលពីដើមឆ្នាំនេះ បានបន្ថែមបន្ទះសូឡា ២ MWp ទៀតលើប្រព័ន្ធដែលមានស្រាប់ ១ MWp នៅលើដំបូលផ្សារទំនើបអ៊ីអនសែនសុខ ដែលធ្វើឱ្យផ្សារនេះមានបន្ទះសូឡាលើដំបូលដ៏ធំបំផុតក្នុងចំណោមផ្សារទំនើបដទៃទៀតនៅកម្ពុជា។

បន្ទះសូឡាសរុប ៣MWp នេះ គឺមានទីតាំងនៅលើដំបូលអគារចំណតរថយន្ត អគាររោងភាពយន្ត អគារកណ្តាល អគារ TV Studio និងដំបូលរោងចំណតម៉ូតូ ដែលមានផ្ទៃក្រឡាសរុប ១០ ៤៩០ ម៉ែត្រការ៉េ។

ក្រុមហ៊ុន បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាបន្ថែមនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា។

ក្រុមហ៊ុនក៏មានគម្រោងបន្ថែមបន្ទះសូឡានៅផ្សារទំនើបអ៊ីអនទី១ ផងដែរ ដែលបច្ចុប្បន្នស្ថិតក្រោមគម្រោងជួសជុល និងពង្រីក។

ក្រុមហ៊ុន លើកឡើងថា៖ «យើងសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុល និងរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅកម្ពុជា»។

- Video Advertisement -