ពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់
ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។
បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍនភាពនៃការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែឧសភា។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ “ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។
“កីឡដ្ឋាននេះមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ”។
កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

