ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី៣ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៨
ភ្នំពេញ៖ ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី ៣ ផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរជាងមុន” នឹងអង្រួនវិស័យសំណង់កម្ពុជា ជាថ្មីម្តងទៀតនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
ក្រុមហ៊ុន ICVeX Co Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) បានធ្វើកិច្ចសហការជាមួយនិងសមាគមស្ថាបត្យករកម្ពុជា (CSA) នឹងរៀបចំព្រឹតិការណ៍រយៈពេល២ថ្ងៃនេះឡើង នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយនឹងមានការចួលរួមពីសំណាក់ក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន។
ពិព័រណ៍ពាណិជ្ជកម្មនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ ការតាំងពិព័រណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីការអប់រំ ការប្រកួតប្រជែងស្នាដៃរចនាផងដែរ។
ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន ICVeX លោក Ajinveat Vhongthong បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍវិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងញុំាងឱ្យអ្នកចូលរួមទទួលបានគំនិតថ្មីៗសម្រាប់អាជីព និងការអភិវឌ្ឍប្រទេសដោយការចែករំលែកព័ត៌មាន និងបទពិសោធថ្មីៗជាមួយអ្នកជំនាញក្នុងស្រុក។
ម្យ៉ាងវិញទៀតពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនេះ នឹងជួយដល់អ្នកជំនាញក្នុងការចូលរួមជាមួយអតិថិជនសក្តានុពលគោលដៅ ការបង្កើតបណ្តាញទំនាក់ទំនង និងការកំណត់នូវឱកាសថ្មីៗនៅលើទីផ្សារ។ “តាមការស្ទង់មតិរបស់យើង ពីការតាំងពិព័រណ៍ឆ្នាំមុន មានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ដែលអ្នកតាំងពិពរណ៍ទាំងអស់ រំពឹងទទួលបានពីបង្កើតឡើងនៃការតាំងពិព័រណ៍ក្នុងឆ្នាំ ២០១៦ កន្លងទទៅនេះ” នេះបើតាមការលើកឡើងរបស់លោក Vhongthong។

- Video Advertisement -