ព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យមានសេចក្តីសោមនស្សរីករាយសូមផ្សព្វផ្សាយជូននូវព័ត៌មានថ្មីៗដោយផ្ទាល់អំពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។
– ក្រុមការងារដោះស្រាយជំលោះដីធ្លីត្រូវបានបង្កើតឡើង
ដើម្បីដោះស្រាយបញ្ហាដីធ្លីដ៏ចម្រូងចម្រាស និងបង្ការជម្លោះដីធ្លីនាពេលអនាគត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតនូវក្រុមការងារចំនួន ២៧ នៅថ្ងៃទី ០៣ ខែមិថុនា ។ ក្នុងក្រុមនេះមានមន្ត្រីបច្ចេកទេសរបស់ក្រសួង ដែលនឹងត្រូវពិនិត្យមើលឡើងវិញនូវជម្លោះដីធ្លីនៅក្នុងគ្រប់ ២៧ ខេត្ត/ក្រុងនានានៅក្នុងប្រទេស។ ក្រុមការងារនីមួយៗមានមន្ត្រីថ្នាក់ជាតិចំនួនបួននាក់ដែលនឹងត្រូវជ្រើសយកជម្លោះដីធ្លីចំនួនបីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួនដើម្បីដោះស្រាយ ហើយអាចឈានទៅករណីជម្លោះបីបន្ទាប់ផ្សេងទៀត ដរាបណាបញ្ជីការងារថ្នាក់ជាតិនោះត្រូវបានរាយការណ៍ជម្រះ។
– សំណង់ដែលសង់រំលោភលើឆ្នេរសមុទ្រត្រូវបានយកចេញ
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ បានដឹកនាំក្រុមបច្ចេកទេសដែលរួមមានមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងយកចេញនូវសំណង់ដែលបានសាងសង់ខុសច្បាប់នៅលើឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅថ្ងៃទី ០៥ ខែ មិថុនា ក្រុមបច្ចេកទេសនេះក៏បានពិចារណាអំពីការរចនាម៉ូដស្ថាបត្យកម្មសម្រាប់ច្រកទ្វារចូលទៅឆ្នេរសមុទ្រទាំងអស់នៅក្នុងខេត្តនេះផងដែរ។
– ប្រទេសស្វីសជួយដល់ការងារគ្រប់គ្រងទីក្រុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំជំនួយពីរដ្ឋាភិបាលស្វីស ដើម្បីជួយដល់ការងារគ្រប់គ្រងដីធ្លី និងដំណើរការចុះបញ្ជីដីធ្លីនៅក្នុងប្រទេស។ នៅក្នុងកិច្ចជំនួបនៅថ្ងៃទី ០៨ ខែមិថុនា ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជួបជាមួយឯកអគ្គរដ្ឋទូតស្វីស ឯកឧត្តម Iv Sieber និងបានស្នើឲ្យលោកឯកអគ្គរាជទូត ជួយបញ្ជូនសំណើនេះទៅកាន់រដ្ឋាភិបាលស្វីសដើម្បីផ្តល់ជំនួយនៅក្នុងវិស័យនេះបន្ថែមទៀតនាពេលអនាគត។
– នាយកដ្ឋានសម្បទានដីសង្គមកិច្ចត្រូវបានបង្កើតឡើង
ដើម្បីជួយសម្រួលដល់អគ្គនាយកដ្ឋានលំនៅឋានដែលទើបបង្កើតថ្មី (២០១៤) ក្រសួងរៀបចំដែនដី បានបង្កើតនូវនាយកដ្ឋានសម្បទានដីសង្គមកិច្ចនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគ្រប់គ្រងគម្រោងដីសម្បទាននៅទូទាំងប្រទេស។ នាយកដ្ឋាននេះត្រូវបានដឹកនាំដោយប្រធាននាយកដ្ឋាន និងមន្ត្រីមួយចំនួនតាមការតែងតាំងរបស់ក្រសួងនេះ។
– ជប៉ុនជួយដល់បញ្ហាការអភិវឌ្ឍទីក្រុង
នៅថ្ងៃទី ១៧ ខែមិថុនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើនូវអនុស្សារណៈយោគយល់ (MOU) ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) របស់ប្រទេសជប៉ុន ដើម្បីសហការគ្នាលើការចែករំលែក និងផ្លាស់ប្តូរនូវព័ត៌មាន និងជំនាញក្នុងវិស័យគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងការចុះបញ្ជីកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានស្នើសុំទៅកាន់សមភាគីជប៉ុន ឯកឧត្តមអនុរដ្ឋមន្ត្រី Hideki Miyauchi លើការអនុវត្តន៍ប្រកបដោយជោគជ័យនៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ ឯកឧត្តមក៏បានលើកឡើងពីលទ្ធភាពនៃការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ការសាងសង់ឡើងវិញប្លុកលំនៅឋានអគារសដែលសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ក្នុងរាជធានីភ្នំពេញ ។ គណៈប្រតិភូរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ជប៉ុន ព្រមទាំងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់អគារស ដើម្បីសិក្សាពីស្ថានភាពនៃអគារ និងប្រជាពលរដ្ឋដែលតាំងលំនៅឋាននៅទីនោះ ដើម្បីវាយតម្លៃលទ្ធភាពនៃការកសាងឡើងវិញ។
– ធនាគារពិភពលោកគាំទ្រគម្រោងបែងចែកដីធ្លី
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជួបជាមួយលោក Alassane Sow ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងទីពីរនៃការបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដែលមានរយៈពេលអនុវត្តប្រាំឆ្នាំ។
– ប្រទេសកូរ៉េជួយដល់ក្រុមហ៊ុនក្នុងការងារចុះបញ្ជីតាមអនឡាញ
ឯកឧត្តម លាង មុនីរិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយមជ្ឈមណ្ឌល Korea Software HRD Center របស់ប្រទេសកូរ៉េ ដែលតំណាងដោយលោក Kim Tae Kyung ដើម្បីជួយដល់ការចុះបញ្ជីតាមអនឡាញរបស់ក្រុមហ៊ុនស្របច្បាប់ សហគ្រាស និងអ្នកជំនាញដែលធ្វើការក្នុងវិស័យការរចនាស្ថាបត្យកម្ម និងសំណង់។ គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

