ព្រលានយន្តហោះតារាសាគរ ធ្វើតេស្តឧបករណ៍បច្ចេកទេស សម្រេចបាន៦០% ហើយ

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ រួមទាំងសមត្ថភាពបុគ្គលិករបស់ខ្លួន សម្រេចបាន៦០% ហើយ បើគិតត្រឹមចុងខែមេសា។

ការធ្វើតេស្តនេះ នឹងយឺតជាងផែនការគ្រោងទុក នេះបើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល នៅថ្ងៃទី២៩ ខែមេសានេះ។

ឯកឧត្តម បញ្ជាក់ថា តាមការគ្រោងទុក ក្រុមហ៊ុនត្រូវចាប់ផ្តើមធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខា សំខាន់ៗ នៅខែមករា និងគ្រោងបញ្ចប់នៅខែមិថុនា ប៉ុន្តែក្រុមហ៊ុនបានចាប់ផ្តើមបំពេញលក្ខខណ្ឌនេះនៅខែមីនា ដូច្នេះនឹងយឺតយ៉ាវ។

បើតាម អ្នកនាំពាក្យរូបនេះ ការធ្វើតេស្តបច្ចេកទេស ឧបករណ៍ សម្ភារ និងបរិក្ខាសំខាន់ៗ មានចំនួនជាង៤០ ប្រភេទដែលក្រុមហ៊ុនត្រូវបំពេញ ដែលបច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបាន ៦០%ហើយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ថ្លែងថា៖ «នៅពេលក្រុមហ៊ុនបញ្ចប់តេស្តបច្ចេកទេសឧបករណ៍ សម្ភារ និងបរិក្ខា សំខាន់ៗ ក្រុមហ៊ុននឹងចាប់ផ្តើមហោះហើរសាកល្បង ដើម្បីឈានដល់ដំណាក់កាលអាចប្រតិបត្តិការ អាកាសយានដ្ឋានបាន»។

តាមផែនការ ការហោះហើរសាកល្បងគ្រោងនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំនេះ តែអាចនឹងយឺតជាងផែនការម្ដងទៀត ក្រោយពន្យារជាច្រើនសារ។

គួរបញ្ជាក់ថា គម្រោងនេះអភិវឌ្ឍដោយក្រុមហ៊ុន Union Development ។ អាកាសយានដ្ឋាននេះ ជាប្រភេទ4E និង 4F ដែលមានសមត្ថភាពអាចឱ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕

- Video Advertisement -