ព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែសីហា
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងចាប់ផ្តើមជាផ្លូវការនៅខែសីហាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ បានចប់រួចរាល់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
សេចក្ដីបញ្ជាក់អំពីកាលបរិច្ឆេទនៃការសាងសង់នេះត្រូវបានលើកឡើងក្នុងជំនួប រវាងឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឺណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd. កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីពិភាក្សាបន្ថែមទៀតទៅលើគម្រោង។
លោក Zou Yuhui បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានរួចរាល់ហើយ។ ក្រៅពីសាងសង់ព្រលាន ក្រុមហ៊ុនក៏នឹងទទួលខុសត្រូវទៅលើប្រព័ន្ធទឹក ប្រព័ន្ធការពារទឹកជំនន់ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋានផងដែរ។
ដើម្បីធានាសុវត្ថិភាពនៃព្រលានយន្តហោះថ្មីនេះលោក Zou Yuhui ក៏បានស្នើសុំអាជ្ញាធរខេត្តសៀមរាបមិនឲ្យមានការសាងសង់អាគារខ្ពស់ក៏ដូចជាបង្គោលភ្លើងខ្ពស់ៗ នៅជិតតំបន់ព្រលានយន្តហោះនោះទេ។ លើសពីនេះទៅទៀតលោកក៏បានស្នើសុំគម្រោងប្លង់មេលើការអភិវឌ្ឍន៍របស់ខេត្តសៀមរាបពី ឯកឧត្ដម ឃឹម ប៊ុនសុង ផងដែរដើម្បីសិក្សាបន្ថែម។
គួរបញ្ជាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះនឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតា ទៀត។
បើយោងតាមប្រភពដដែល គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ ខាងមុខ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឹណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd (YIHL) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ដោយមានសម្បទានរយៈពេល ៥៥ ឆ្នាំ ក្រោមគម្រោងសាងសង់ – ប្រតិបត្តិការ – ផ្ទេរ (BOT) ។





- Video Advertisement -