ព្រលានយន្តហោះអន្តរជាតិសៀមរាប គ្រោងបើកដំណើរការខែតុលា ខណៈសំណង់សម្រេចបាន៨៦%
ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីសាងសង់សម្រេចបាន ៨៦ភាគរយហើយ និងត្រៀមដាក់ឱ្យដំណើរការ សាកល្បងនៅខែមិថុនាខាងមុខនេះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងYunnan Investment Group កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០២៣ ខាងមុខផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានបច្ចេកទេសទាំងអស់ មុននឹងបើកការហោះហើរ។
ព្រមជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។
ក្រៅពីជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ ក្រុមហ៊ុន បានបង្ហាញពីគោលបំណងធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីឱ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។
ចំពោះគោលបំណងនេះ សម្តេតេជោ បានស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
- Video Advertisement -