មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំក្រោយ
គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្ដមបានឱ្យដឹងក្នុងកិច្ចប្រជុំរៀបចំផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្ម” កាលពីថ្ងៃទី ១៧ មិថុនា ថាបច្ចុប្បន្នគម្រោងនេះកំពុងដើរទៅមុនដោយរលូន ដែលអាចនឹងឈានដល់ការបើកការដ្ឋានក្នុងពេល ៩ខែក្រោយ។
ឯកឧត្ដម មានប្រសាសន៍ថា៖ «ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ។ ពេលនេះ គេកំពុងបន្តការសិក្សា ហើយក្នុងរយៈពេល៩ខែ នឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន»។
«ដូច្នេះ សង្ឃឹមថាក្នុងឆ្នាំ២០២២ យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន» ឯកឧត្ដមបានបន្ដ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅ ជាបឋមខាងសិង្ហបូរីធ្លាប់បានបង្ហើបថាអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ (អានបន្ថែម)
ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab ធ្លាប់ឱ្យដឹងថា៖ «ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ»។
«យើងបានពិគ្រោះជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅអាស៊ាន ពួកគេថានឹងពង្រីកបណ្ដាញផលិតកម្មមកប្រទេសកម្ពុជា ប្រសិនបើកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ ដូច្នេះ គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ គឺជាឱកាសដ៏ល្អបំផុត» លោកបានបន្ត។

