មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិការបស់សប្បុរសជនក្នុងស្រុក និងការសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៦លានដុល្លារ ខណៈការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ ៤ ទៅ ៥លានដុល្លារ។
គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។
មន្ទីរពេទ្យខ្នាតធំៗនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ។
គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។
មន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យ តេជោសែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

