ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។
ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ។ ឯកឧត្តមបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង ១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំនេះផងដែរ។
គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ (អានបន្ថែម)។
មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕