មន្ទីរពេទ្យទំនើបខ្នាតធំតម្លៃ ៨០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នេះ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។
មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ ហើយមិនត្រឹមតែជាមន្ទីរពេទ្យទំនើបទាន់សម័យនោះទេ តែក៏ជាកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ដែលព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា ជាមួយនឹងវត្តមានមន្ទីរពេទ្យនេះ កម្ពុជានឹងមានវិស័យសុខាភិបាលក៏ទំនើបមួយ មិនចាញ់ប្រទេសជិតខាងនោះទេ ហើយពិសេសមន្ទីរពេទ្យនេះគឺមានសមត្ថភាពប្ដូរអវយវៈបានហើយ ដោយមិនចាំបាច់ចេញទៅធ្វើនៅប្រទេសក្រៅទេ។

