មន្ទីរពេទ្យ សាន់រ៉ាយ ជប៉ុន បើកសម្ពោធដំណើរការ

ជាមួយនឹងការបើកសម្ពោធដំណើរការនៃមន្ទីរពេទ្យសាន់រ៉ាយ នៅក្នុងរាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ប្រជាជននៅក្នុងប្រទេសកម្ពុជាឥឡូវនេះអាចទទួលបាននូវសេវាសុខភាពស្តង់ដាររបស់ប្រទេសជប៉ុនក្នុងតម្លៃមួយសមរម្យ។

គម្រោងមន្ទីរពេទ្យសាន់រ៉ាយជប៉ុន នៅរាជធានីភ្នំពេញ ត្រូវបានចង់សម្ព័ន្ធរវាងក្រុមហ៊ុន GJC Corporation ក្រុមហ៊ុន INCJ និងក្រុមហ៊ុន Kitahara Medical Strategies International។ គម្រោងនេះបានបុកគ្រឹះនៅក្នុងឆ្នាំ ២០១៥ និងមានដើមទុនវិនិយោគ ៣៥ លានដុល្លារ រួមបញ្ចូលទាំងប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុន (JICA) ផងដែរ។

អគារមន្ទីរពេទ្យនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់កម្ពុជា Ly Chhuong Construction Co. Ltd. ដោយមានកំពស់ ៤ ជាន់ និងសាងសង់នៅលើទីតាំងដែលមានផ្ទៃដីសរុប ៤៥០០ ម៉ែត្រការ៉េ នៅតំបន់ជ្រោយចង្វារ។ មន្ទីរពេទ្យនេះមានគ្រែអ្នកជំងឺចំនួន ៥២ ជាមួយនឹងផែនការបង្កើនចំនួនឲ្យដល់ ២០០ គ្រែ និងបុគ្គលិកជាង ១០០ នាក់ ដែលក្នុងនោះ ៣០ ភាគរយ គឺជាជនជាតិជប៉ុន។

ប្រតិបត្ដិការនៅក្នុងមន្ទីរពេទ្យនេះ គ្រប់គ្រងដោយក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគ្រូពេទ្យជំនាញជនជាតិជប៉ុនផ្សេងទៀត ដែលក្រុមគ្រូពេទ្យទាំងនេះក៏នឹងផ្តល់នូវការបណ្តុះបណ្តាល និងធ្វើការជាមួយសមាជិកបុគ្គលិកពេទ្យកម្ពុជាដែលមានបទពិសោធន៍ផងដែរ។

មន្ទីរពេទ្យនេះមាន ៤ មជ្ឈមណ្ឌល រួមមាន មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ (សង្គ្រោះបន្ទាន់ វះកាត់របួស និងរោគរាតត្បាត) មជ្ឈមណ្ឌលវិជ្ជសាស្ត្រទូទៅ (ថ្នាំព្យាបាលផ្នែកខាងក្នុងទូទៅ វះកាត់ទូទៅ ផ្នែកវេជ្ជសាស្ត្រក្រពះពោះវៀន ផ្នែកជំងឺបេះដូង និងផ្នែកពិគ្រោះជំងឺពីចម្ងាយ) មជ្ឈមណ្ឌលជំងឺស្រូប និងប្រព័ន្ធប្រសាទ (ព្យាបាលប្រព័ន្ធប្រសាទ Neuroendovascular Neurology និងផ្នែកស្តារសម្បទា) និងមជ្ឈមណ្ឌលពិនិត្យសុខភាព (ការពិនិត្យមូលដ្ឋានគ្រឹះ ការពិនិត្យដោយជាក់លាក់ និងការពិនិត្យកញ្ចប់ជាពិសេស)។

មន្ទីរពេទ្យដែលគ្រប់គ្រងដោយជប៉ុននេះបានបើកទ្វារទទួលអ្នកជំងឺនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ និងបានបើកដំណើរការគ្រប់ផ្នែកទាំងអស់នៅចុងខែតុលា។ មន្ទីរពេទ្យស្តង់ដារអន្តរជាតិនេះ នឹងបម្រើទាំងអ្នកជំងឺក្នុងស្រុក និងបរទេស។ លោក Toshiaki Fukuda នាយកប្រតិបត្តិមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ បានឲ្យដឹងថា “ជំងឺទូទៅ និងគ្រោះថ្នាក់រងរបួស ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងការថែទាំសុខភាព (ការពិនិត្យព្យាបាលជាកញ្ចប់ពេញលេញ) ដែលពីមុនមកមិនមានគ្រប់គ្រាន់ នឹងត្រូវបានបំពេញដោយមន្ទីរពេទ្យនេះ ដូចនេះហើយ មន្ទីរពេទ្យចូលរួមជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងជួយប្រជាជនកម្ពុជាឲ្យរស់នៅក្នុងរបៀបរស់នៅដែលមានសុខភាពល្អ”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ថា “ការមានមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់បែបនេះ គឺមិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាក៏កសាងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងទេសចរណ៍ដែលមានលុយ មកពីទីឆ្ងាយផងដែរ”។

លោកវេជ្ជបណ្ឌិតសរសៃប្រសាទ Yoshifumi Hayashi ប្រធានគ្លីនិកនៃមន្ទីរដែលមាន ៥០ គ្រែ បានប្រាប់ The Cambodia Daily ឲ្យដឹងថា អគារឯកទេសមួយនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ មានផែនការផ្លាស់ប្តូរឲ្យមកនៅជិត ទោះបីជាសេចក្តីលម្អិតពីផែនការនេះមិនទាន់ត្រូវបានសម្រេចនៅឡើយក៏ដោយ។

លោកវេជ្ជបណ្ឌិត Hayashi បាននិយាយថា “បុគ្គលិកមន្ទីរពេទ្យដែលមិនមែនជាជនជាតិជប៉ុនទាំងអស់ ដែលមានទាំងអស់ ៨០ ក្នុងចំណោមបុគ្គលិក ១០៤នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុន ដើម្បីបណ្តុះបណ្តាលសម្រាប់រយៈពេលពី ៦ខែ ទៅ ១ឆ្នាំ ហើយនេះជាការលើកទឹកចិត្តដែលនឹងបន្តមានសម្រាប់បុគ្គលិកថ្មី” លោកបានបន្ថែមថា “ថ្លៃសេវាថែទាំសុខភាពនឹងមានតម្លៃថោកជាងនៅប្រទេសថៃ និងសិង្ហបុរី ហើយនិងមន្ទីរពេទ្យដែលមានតម្លៃថ្លៃជាងគេនៅរាជធានីភ្នំពេញ។ ខ្ញុំមិនអាចនិយាយថា តម្លៃវាទាបខ្លាំង ហើយមនុស្សគ្រប់គ្នាអាចមកទទួលសេវាសុខភាពនៅទីនេះបាននោះទេ ប៉ុន្ដែខ្ញុំអាចនិយាយថា អតិថិជននឹងមានទំនុកចិត្តជាមួយនិងគុណភាពរបស់មន្ទីរពេទ្យ”។

មន្ទីរពេទ្យឯកជនធំចុងក្រោយដែលបានបើកនៅក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលមានតម្លៃ ៥០ លានដុល្លារអាមេរិក ដែលត្រូវបានសាងសង់ឡើងដោយ Bangkok Dusit Medical Services និងបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៤។ មន្ទីរពេទ្យថៃនោះ មានបន្ទប់វះកាត់ចំនួន ៥ ផ្នែកថែទាំធំៗចំនួន ១២ បន្ទប់ពិនិត្យអ្នកជំងឺចំនួន ៤០ និងបន្ទប់ផ្សេងទៀតចំនួន ១០០។

- Video Advertisement -