រដ្ឋ​កំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន

រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។

នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើផែនការកំណត់យកដីសម្បទានសង្គមកិច្ចចំនួន២ ទីតាំង ដែលមានទំហំសរុប ១,៥០៧ហិកតា  សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពត ដោយក្នុងនោះរួមមាន៖

ទីតាំងទី១ មានទំហំ ១.២៨៨ហិកតា នៃផ្ទៃដីសរុប ១.៥៨៦ហិកតា ដែលស្ថិតនៅតំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។

និងទីតាំងទី២ មានទំហំ ២១៩ហិកតា ស្ថិតនៅតំបន់ដំរី ក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ត្រូវបានរក្សារទុកសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន ៩០គ្រួសារ។

គួររម្លឹកថា កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តមណ្ឌលគិរីបានប្រកាសផ្ទៃដីទំហំ ៣២២ហិកតា និង ៦០០០ហិក​តា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់ចែកជូនប្រជាពលរដ្ឋ។ (អានបន្ថែម និងអានបន្ថែម)

- Video Advertisement -