រដ្ឋគ្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ត្រើយខាងកើត ភ្ជាប់នឹងកំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន

រដ្ឋាភិបាលមានផែនការចង់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើត តភ្ជាប់កំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន ទៅស្រុកល្វាឯមនៃខេត្តកណ្តាល ដើម្បីធ្វើឱ្យផ្លូវក្រវាត់ក្រុងទី៣ នេះ ក្លាយជាក្រវាត់ក្រុងពេញរង្វង់។ ខណៈ គម្រោងសាងសង់ក្រវាត់ក្រុងទី ៤ នឹងធ្វើឡើងជាអាទិភាពបន្ទាប់។

នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី MPWT Live Show ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា សព្វថ្ងៃនេះ ថវិកាដែលមានគឺសាងសង់ត្រឹមពាក់កណ្តាលក្រវាត់ទេ ដោយសារត្រើយខាងកើត ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្តីតាកុយ និងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅកោះដាច់ ទើបក្លាយជាក្រវាត់ក្រុងពេញលេញ។

ឯកឧត្តម បន្តថា៖ «ដូច្នេះជំហានបន្ទាប់គឺ សាងសង់ស្ពាន សាងសង់ផ្លូវក្រវាត់ក្រុងផ្នែកខាងកើតទន្លេមេគង្គសិន ទើបឈានទៅរកការសាងសង់ក្រវាត់ក្រុងទី៤»។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ធ្វើឡើងក្រោមថវិកាប្រមាណ ២៧៣លានដុល្លារ ដោយគិតត្រឹមខែឧសភាឆ្នាំនេះ សម្រេចបានការសាងសង់បាន ៥០% ហើយ។ (អានបន្ថែម)

- Video Advertisement -