រដ្ឋចេញកម្មវិធីពិសេសថ្មី សម្រាប់ជំរុញការវិនិយោគ នៅដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានដាក់ចេញវិធានការជាកញ្ចប់ សំដៅជំរុញការវិនិយោគ ០៣ប្រភេទក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ ត្រូវបានប្រកាស​ឱ្យអនុវត្តក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

កម្មវិធីពិសេសនេះ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញ​ការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដាកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោល​នយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច​ពិសេសគំរូពហុបំណង។

គួរបញ្ជាក់ថា កម្មវិធីបន្ទាន់នេះ មានគោលបំណងជំរុញការវិនិយោគ និងធុរកិច្ចចំនួន ០៣ប្រភេទ ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖

  • គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅ​ក្នុងឆ្នាំ២០២៤
  • គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤​
  • ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានស្រាប់ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤នេះផងដែរ។

ជាមួយគ្នានេះដែរ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង កម្មវិធីពិសេសនេះ ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់មានដូចខាងក្រោម៖

  • ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ បន្ថែម
  • ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង
  • ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ
  • ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល
  • ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញា​ត​​ពាក់ព័ន្ធនឹងការសាងសង់
  • ការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសំ​ណ​​ង់
  • ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់
  • ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញា​​តនានា
  • ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវា​ផ្គូ​ផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសី​ហនុ
  • ចុងក្រោយគឺការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការងារវិនិយោគក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារពិសេសមួយផងដែរ ដែលមាន ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ព្រមជាមួយនឹងអនុប្រធាន និងសមាជិក ២៩រូបទៀត។

ក្រុមការងារនេះ មានតួនាទីសំខាន់ជាអ្នកដឹកនាំ សម្របសម្រួល និងអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ ដែលមានសិទ្ធិពិនិត្យ សម្រេច និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]