រដ្ឋចេញវិធានការថ្មីរឹតបន្ដឹង និងពន្លឿនដំណើរការគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធឃុំសង្កាត់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញបញ្ជាថ្មី ដើម្បីពន្លឿនដំណើរការគម្រោងសំណង់សាធារណៈនានារបស់រដ្ឋបាលឃុំ សង្កាត់។
បើតាមសារចរណែនាំលេខ ០០២ សហវ ចុះថ្ងៃទី០៣ ខែមីនា បញ្ជាថ្មីគឺផ្ដោតលើការងារលទ្ធកម្ម ឬនិយាយឱ្យងាយយល់ គឺកិច្ចការងារស្វែងរកក្រុមហ៊ុនឯកជនមកសង់គម្រោងណាមួយឱ្យរដ្ឋ។
បញ្ជាថ្មីនេះ ធ្វើឡើងដោយឃើញភាពយឺតយ៉ាវក្នុងការរៀបចំគម្រោង ការពិនិត្យបច្ចេកទេស និងការទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់មិនទាន់ក្នុងឆ្នាំអនុវត្តថវិកា។
ក្រោមបញ្ជាថ្មីនេះ រដ្ឋបាល ឃុំ សង្កាត់ ត្រូវរៀបចំឯកសារគម្រោងដេញថ្លៃ និងផ្សព្វផ្សាយឱ្យមានការចូលរួមជាសាធារណៈចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំអនុវត្តថវិកា។
បន្ទាប់មក រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបូកសរុបគម្រោងវិនិយោគរបស់ខ្លួន ជាមួយនឹងគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលរាជធានីខេត្ត ដើម្បបូកសរុប ហើយបញ្ជូនទៅក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត។
រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះសិក្សាគម្រោងរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនខែដំណាច់ខែសីហា និងផ្តល់អនុលោមភាពមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។
រដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ជូនបញ្ជីឈ្មោះអ្នកទទួលការសាងសង់ ទៅរដ្ឋបាលឃុំសង្កាត់ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ។
ចំពោះការទូទាត់វិញ រដ្ឋបាលឃុំ សង្កាត់ មិនត្រូវទូទាត់ប្រាក់ឲ្យអ្នកទទួលការសាងសង់ជាមុនឡើយ។ រដ្ឋបាលឃុំ សង្កាត់ អាចទូទាត់ចំនួន៤៥% ជា២ ដង តាមដំណាក់កាលនៃការសាងសង់ និងទូទាត់១០% ចុងក្រោយ នៅពេលបញ្ចប់៦ ខែក្រោយពេលគម្រោងបញ្ចប់១០០%។

