រដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។
ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ការផ្តល់ជូននេះ សម្រាប់ពលរដ្ឋចំនួន៧ភូមិ ក្នុងនោះរួមមាន៖ ភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា រដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ឱ្យបានត្រឹមត្រូវ តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។
ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងសាទរពលរដ្ឋដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ខណៈលោកក៏ស្នើដល់ពលរដ្ឋ ត្រូវទុកដាក់ថែរក្សាឯកសារឱ្យបានត្រឹមត្រូវ និងប្រើប្រាស់បានចំគោលដៅ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារកាន់តែល្អប្រសើរ។
តាមរយៈពិធីនេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្តេជ្ញាពន្លឿនដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ក្នុងស្រុករមាសហែកប្រមាណជាង ៩ម៉ឺនក្បាលដីទៀត និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលដែលនៅសល់តាមការប៉ាន់ស្មាន ចំនួន១៨៤.៩២៣ក្បាលដី ឱ្យឈានទៅបញ្ចប់តាមផែនការដែលបានកំណត់៕
- Video Advertisement -