រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។
រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោត។
ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅឆ្នាំ២០២៤។
គម្រោងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសក្នុងការធានាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានទឹកស្អាត និងអនាម័យនៅឆ្នាំ 2030។ ជាមួយនឹងការដាក់ឱ្យដំណើរការនូវរោងចក្រផលិតទឹកស្អាតបឹងធំ ខណ្ឌកំបូល កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ អនាគតកាន់តែមាននិរន្តរភាព និងសុខភាពល្អ ដែលទឹកស្អាតអាចប្រើប្រាស់បានសម្រាប់អ្នករស់នៅក្នុងតំបន់ទាំងអស់។


- Video Advertisement -