រដ្ឋប្រកាសបើកឱ្យប្រើបណ្តោះអាសន្នស្ពានអាកាស “សម្តេចធិបតី”  នៅថ្ងៃទី១១ កក្កដានេះ!

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះ ស្ពានអាកាសទី១ សម្រេចការសាងសង់បាន ១០០% ហើយ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ដោយឡែក ស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។

គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ

  ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារ […]