រដ្ឋពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាប្រឆាំងជំងឺកូវីដ១៩
រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
សម្តេចមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល ត្រៀមកាត់បន្ថយការវិនិយោគសាធារណៈបន្ថែមទៀត។ កន្លងទៅ រដ្ឋាភិបាលបានកាត់បន្ថយការចំណាយតាមស្ថាប័ន ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ»។
«ប៉ុន្តែ បើចាំបាច់ ចំណាយលើគម្រោងធ្វើហេដ្ឋារចនាសម្ព័ន្ធ ក៏អាចនឹងកាត់បន្ថយដែរ»។
ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩ កន្លងទៅ រដ្ឋាភិបាលមិនទាន់បានកាត់បន្ថយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ។
ជាក់ស្តែងក្នុងពេលកូវីដឆ្លងរាលដាលក្ដី រដ្ឋាភិបាលក៏នៅតែចំណាយធ្វើផ្លូវ តួយ៉ាងដូចជា ផ្លូវ ៣៤ ខ្សែក្រុងព្រះសីហនុ ផ្លូវ ៣៨ខ្សែ នៅសៀមរាប និងការតបណ្តាញអគ្គិសនីជាដើម។

