រដ្ឋមន្រ្តីដែនដី ប្រកាសឱ្យប្រើប្រាស់និតិវិធិថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពដដែលនេះ បានឱ្យដឹងថា ប្រព័ន្ធថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រៅពីប្រព័ន្ធចុះបញ្ជីដីធ្លី ក្រសួង ក៏បានដាក់ចេញនូវប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួងផងដែរ។
ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីនេះ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។
ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្មីៗកន្លងទៅថា បើសិនជាដីនោះបានចុះបញ្ជី មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ អ្នកទិញអ្នកលក់បំពេញបែបបទតាមអនឡាញតែមួយម៉ោង ឬពីរម៉ោងប៉ុណ្ណោះ ពេលផ្តិតមេដៃរួចរាល់ប្រព័ន្ធនោះនឹងផ្ទេរទៅឈ្មោះអ្នកដែលជាម្ចាស់បន្ទាប់ភ្លាម បន្ទាប់មកនឹងព្រីនបណ្ណថ្មីចេញតែម្តង។ (អានបន្ថែម)
គួរបញ្ជាក់ថា ក្នុងនីតិវិធីចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ ក៏បានសម្រេចឱ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ធ្វើការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ដែលជាការជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យឆាប់ចប់សព្វគ្រប់តាមផែនការនៅទូទាំងប្រទេស។ (អានបន្ថែម)
- Video Advertisement -