រដ្ឋសម្រុកបញ្ចប់ការងារសេសសល់ ដើម្បីឈានដល់បើកការដ្ឋានសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់
ថ្មីៗនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ពន្លឿនសិក្សាលម្អិតបន្ថែមទៀតលើផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញអគ្គីសនីជៀសវាងដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុនៅពេលសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។
នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ របស់ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសារធាណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដីនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួង និងក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង ឃើញថា ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។
ក្នុងន័យនេះ ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួង បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា សិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។
បច្ចុប្បន្នគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត។ ស្ពានខ្សែកាបនេះនឹងមានប្រវែង ១.០៧០ ម៉ែត្រ កាត់ទន្លេសាប និង ១.២៦២ ម៉ែត្រ កាត់ទន្លេមេគង្គ មានទទឹង ២៦.៥ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ១.១៧៤.៩ ម៉ែត្រ។ ស្ពាននេះស្ថិតនៅចន្លោះផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) ត្រូវបានគាំទ្រដោយធនាគារសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ ចំនួន ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
គម្រោងនេះ ទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណកូរ៉េ មានតម្លៃ ២៣៥លានដុល្លារ ដដោយបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២៕
- Video Advertisement -