រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ
រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។
នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ២៖ សម្រាប់បណ្ណទស្សនារយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវ សម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។ ៣៖ កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។ ៤៖ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។ ៥៖គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ និង ៦៖ បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី ២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។
ស្រដៀងគ្នានេះដែរ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឱ្យដឹងដែរថា ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ គ្រឹះស្ថានអង្គរមានគម្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិ នៅជិតប្រាសាទ ក្នុងរមណីយដ្ឋានអង្គរតែម្តង ដោយកិច្ចការនេះនឹងត្រូវចាប់ពីផ្តើមនៅដើមខែតុលាខាងមុខនេះ។
គួររំលឹកថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏មិនភ្លេចធ្វើការណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការប្រមូលចំណូលពីការលក់បណ្ណ និងពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕
- Video Advertisement -