រដ្ឋឱ្យម្ចាស់បុរីនៅភ្នំពេញទាំងអស់ ត្រូវរុះរើឧបករណ៍ពង្រីកសេវាឱ្យបានមុនថ្ងៃទី១០ ខែធ្នូខាងមុខនេះ
និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
មុននឹងដាក់ចេញឱសានវាទនេះ និយ័តករទូរគមន៍កម្ពុជា បានស្នើនិងអំពាវនាវឱ្យម្ចាស់បុរីទាំងអស់ ជម្រាបដល់ប្រជាពលរដ្ឋក្នុងបុរីរបស់ខ្លួនរុះរើ ដកចេញ និងបញ្ឈប់បន្ទាន់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងករណីប្រជាពលរដ្ឋពុំមានការស្ម័គ្រចិត្តទេ នោះម្ចាស់បុរីត្រូវចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីរបស់ខ្លួនឱ្យអស់មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ដោយឡែក បណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក៏ត្រូវធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួន ដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។
គួររំលឹកទៀតថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះផងដែរ។ (អានបន្ថែម)
- Video Advertisement -