ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
BIG C Supercenter credit: Big C Supercenter Ratchadamri
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តឲ្យក្រុមហ៊ុន «Big C Supercenter (Cambodia) Co., LTD» សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃប្រមាណ ៦,៨លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះបើយោងតាមការចុះផ្សាយដោយ CDC ផ្ទាល់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ។
គម្រោងខាងលើនេះ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបន្ទាប់ពីសាងសង់រួច មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានលក់ទំនិញប្រើប្រាស់ ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យមនិងទាប។
ក្រៅពីការឆ្លើយតបទៅនឹងតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ គម្រោងនេះក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់ចំនួន ១.២២២កន្លែងផងដែរ។
ទោះជាយ៉ាងណាក្ដី CDC ពុំទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងព័ត៌មានលំអិតនៃគម្រោងដូចជា កាលបរិច្ឆេទសាងសង់ រយៈពេលនៃការសាងសង់ ក៏ដូចជារយៈពេលនៃការបញ្ចប់គម្រោង។
គួរបញ្ជាក់ផងដែរថា ក្រុងប៉ោយប៉ែតកំពុងមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយហេតុថា វាជាទីក្រុងដែលនៅជាប់ព្រំដែនប្រទេសថៃ ដែលវាបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេសង្កេតឃើញថាទីក្រុងមួយនេះគឺមានសន្ទុះអភិវឌ្ឍខ្លាំងជាពិសេសផ្នែកសំណង់ និងអចលនទ្រព្យ។

BIG C SUPERCENTER (CAMBODIA) COMPANY LIMITED Credit: CDC