រដ្ឋាភិបាលចេញសេចក្តីសម្រេចកែសម្រួលបទបញ្ជា ដែលបញ្ជាក់ច្បាស់ថាមិនមានការហាមឃាត់ការធ្វើដំណើរឆ្លងស្រុក
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចដែលបានបញ្ជាក់ច្បាស់ថា មិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយទេ ហើយភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់រួមតែមួយ។
សូមបញ្ជាក់ថា បានចេញសេចក្តីសម្រេចនេះ ជាការកែសម្រួលទៅនឹងបទបញ្ជាលេខ ០២ ប.ប ដែលបានដាក់ចេញកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។
ក្នុងសេចក្តីសម្រេចកែសម្រួលលេខ ៣៩ ស.ស.រ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ដែលមានចំណារហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានកំណត់ដូចខាងក្រោម៖
១) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
២) លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយទៀត។
ការសម្រេចដូច្នេះ រាជរដ្ឋាភិបាលធ្វើឡើង ដោយយោងទៅលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស័យទាក់ទងប្រចាំថ្ងៃ ដោយខានមិនបានរបស់ប្រជាពលរដ្ឋទូទៅ។
សូមបញ្ជាក់ផងដែរថា ការដាក់ចេញបទបញ្ជាសម្រេចបិទការធ្វើដំណើរទូទាំងប្រទេសនេះ ត្រូវបានធ្វើឡើងក្រោយពេល សម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងប្រកបដោយក្តីព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ក៏ទើបនឹងបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យអំពាវនាវឱ្យមានការបន្តធ្វើការងារតាមធម្មតា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ៕ (អានបន្ថែម)


