រដ្ឋាភិបាលដាក់ចេញអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជា
កាលពីចុងឆ្នាំ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីចំនួន ៣ ដើម្បីពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ ក៏ដូចជាអ្នកប្រើប្រាស់សំណង់ទូទៅ។
អនុក្រឹត្យថ្មីទាំង ៣ នោះរួមមាន៖
១) អនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អនុក្រឹត្យនេះ បាននិរាករណ៍អនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។ ខ្លឹមសារសំខាន់នៃអនុក្រឹត្យថ្មីនេះ ផ្ដោតលើការកំណត់សមត្ថកិច្ច នីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាត។
ខុសពីអនុក្រឹត្យចាស់ អនុក្រឹត្យថ្មីនេះ បានចែងលម្អិតយ៉ាងច្បាស់ថា សំណង់ប្រភេទណាត្រូវសុំលិខិតអនុញ្ញាតពីសមត្ថកិច្ចមួយណា។ ឧទាហរណ៍ រដ្ឋបាលរាជធានី ខេត្ត មានសមត្ថកិច្ចចេញលិខិតអនុញ្ញាតចំពោះសំណង់ដែលមានផ្ទៃក្រឡាតិចជាង ឬស្មើនឹង៣០០០ ម៉ែត្រក្រឡា ឬទាបជាង១១ ជាន់ ប៉ុណ្ណោះ។ បើធំឬ ខ្ពស់ជាងនេះ ត្រូវសុំពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យ៉ាងណាមិញ អនុក្រឹត្យថ្មីនេះ មិនបានចែងពីកម្រិតស្របច្បាប់នៃសន្ទស្សន៍ប្រើប្រាស់ដីដូចអនុក្រឹត្យចាស់នោះទេ។ (អានបន្ថែម)
២) អនុក្រឹត្យលេខ ២២៥ អនក្រ.បក ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អនុក្រឹត្យនេះ បានដាក់ចេញដើម្បីធានាគណនេយ្យភាព និងប្រសិទ្ធិភាពក្នុងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់។ ខ្លឹមសារសំខាន់ផ្ដោតលើការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ចំនួន០៤ ទៅលើផ្នែកសំណង់ទូទៅ ផ្នែកស្ថាបត្យកម្ម ផ្នែកគ្រឿងផ្គុំសំណង់ និងផ្នែកមេកានិច អគ្គិសនី និងទឹក។
មួយវិញទៀត ស្ថាបត្យករម្មវិស្វករ និងក្រុមហ៊ុនសញ្ជាតិបរទេស មានសិទ្ធិប្រកបវិជ្ជាជីវៈឬអាជីវកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់តាមលក្ខខណ្ឌមានចែងក្នុងអនុក្រឹត្យ។
៣) អនុក្រឹត្យលេខ ២២៦ អនក្រ.បក ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អនុក្រឹត្យនេះបានដាក់ចេញដើម្បីគ្រប់គ្រងលើការប្រើប្រាស់ ការអាស្រ័យផល និងការចាត់ចែងសំណង់។ ក្នុងអនុក្រឹត្យនេះ បានបញ្ជាក់ថារាល់ការប្រើប្រាស់សំណង់ ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់បណ្តោះអាសន្នជាមុន លើកលែងសំណង់មិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់។
យ៉ាងណាមិញ វិញ្ញាបនបត្រប្រើប្រាស់សំណង់ ក៏ត្រូវផ្តល់ដល់ការប្រើប្រាស់អគារសហកម្មសិទ្ធិ ឬសំណង់នៅក្នុងបុរីផងដែរ។
គួរបញ្ជាក់ថា អនុក្រឹត្យថ្មីទាំងបីនេះ ដាក់ចេញដើម្បីលម្អិតបន្ថែមលើច្បាប់ស្តីពីសំណង់ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ (អានបន្ថែម)

