រដ្ឋាភិបាលបង្កើតគណៈកម្មការដើម្បីជំរុញដំណើរការសាងសង់ព្រលានយន្តហោះថ្មី
រដ្ឋាភិបាលបានសម្រេចបង្កើត«គណៈកម្មការរៀបចំទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»ដើម្បីជំរុញដំណើរការសាងសង់គម្រោងតម្លៃប្រមាណជាង ១.៥ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩។
ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការថ្មីនេះមានសមាភាពសរុបចំនួន២៣រូប និងមានភារកិច្ចចំនួន៧ចំណុចសំខាន់ៗ។
មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីសំណង់និងអចនលទ្រព្យ កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ថាគណៈកម្មការអន្តរក្រសួងថ្មីនេះ ត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាពាក់ព័ន្ធសំខាន់ៗដូចជា សង្គម បរិស្ថាន ការចចារផ្តល់សំណងទៅដល់ប្រជាជនដែលរងផលប៉ះពាល់ ការកំណត់ផែនការមេ បញ្ហាដីធ្លី និងបញ្ហាកំណត់ទីតាំងជាក់លាក់នៃគម្រោង។
តាមការបញ្ជាក់ដដែលពីមន្រ្តីរូបនេះ គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ OCIC គឺបាននិងកំពុងដំណើរការសន្សឹមៗនិងប្រាកដប្រជា។
គួររម្លឹកថា គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ ដែលក្នុងនោះ ក្រុមហ៊ុន OCIC កាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ ហើយនៅសល់គឺជាភាគហ៊ុនរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ តាមផែនការដើម គម្រោងព្រលានយន្តហោះថ្មីនេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ដែលក្នុងនោះ ផ្ទៃដី ៧០០ហិកតាគឺសម្រាប់ព្រលានយន្តហោះ ហើយទីតាំងដែលនៅសេសសល់នឹងត្រូវអភិវឌ្ឍទៅជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍន៍ចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។ អានបន្ថែម

ឯកសារពីសារព័ត៌មាន FRESH NEWS ១

ឯកសារពីសារព័ត៌មាន FRESH NEWS ២

ឯកសារពីសារព័ត៌មាន FRESH NEWS ៣

