ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសម្រេចនូវយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងខេត្តមួយនេះ។
ពិធីបើកសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។
ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិកា រាជរដ្ឋាភិបាលសរុប ប្រមាណជា ១,២ លានដុល្លារ (៤ ៩៧១ លានរៀល)។
ចំណែកស្ពានចំនួន ៤ ផ្សេងទៀតរួមមាន៖ ១) ស្ពានប្រវែង ៤៥ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ២) ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ៣) ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង និង ៤) ស្ពាន ប្រវែង១០២ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត។
ស្ពានទាំង ៥ នេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាការដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម បានសាទរចំពោះលទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យ សាធារណការ និង ដឹកជញ្ជូន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និង ថ្នាក់ដឹកនាំក្រសួង កងវិស្វកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសាងសង់ស្ពានទាំងនេះឱ្យសម្រេចបានជោគជ័យ។
លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានទាំងនេះ ដោយស្មារតីជាម្ចាស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុតដើម្បីជៀសឱ្យផុតពីគ្រោះថ្នាក់ ចរាចរណ៍ និងត្រូវចងចាំជានិច្ចនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី “ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕



