រដ្ឋាភិបាលព្រមព្រៀងជួលដីតាមដងទន្លេសាបអោយចិនរយៈពេល៥០ឆ្នាំ

រូបគំរូ ដោយ Cambodia Skyline

កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីសម្រេចជួលដីតាមដងទន្លេសាបចាប់ពីស្ពានជ្រោយចង្វាររហូតដល់ផ្សាររាត្រីទៅអោយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍ទីតាំងនេះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះហៅថា “The City Gate”។

បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចៀន ឈឹង ថៃ គ្រុប (Chean Chhoeng Thai Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group បានចុះហត្ថលេខាព្រមព្រៀងប្រគល់ទឹកប្រាក់ថ្លៃឈ្នូលផ្តាច់ចំនួន ១៦,៥ លានដុល្លារដល់កំពង់ផែស្វយ័តភ្នំពេញសំរាប់ការជួលទីតាំងដីខាងលើក្នុងរយៈពេល ៥០ ឆ្នាំដោយគិតចាប់ពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០៦៨។ថ្លៃឈ្នូលខាងលើគឺរួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន១០ ភាគរយ។

ជាការពិតណាស់ កិច្ចព្រមព្រៀងជួលនេះមានគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងនៅតាមដងទន្លេផងដែរ។

ក្រោមកិច្ចព្រមព្រៀងនេះដែរ ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុបនឹងអភិវឌ្ឍន៏តំបន់នេះអោយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែងវប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួមបែបវប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំងពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ តាមការកំណត់របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រៅពីការទូទាត់ថ្លៃឈ្នូល ក្រុមហ៊ុនក៏នឹងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមមាន ច្រាំងទន្លេពីគល់ស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី ផ្លូវថ្មើរជើងនិងផ្លូវសម្រាប់រថយន្តធុនតូច ដែលសរុបទឹកប្រាក់ទាំងអស់ប្រមាណ ៣០ លានដុល្លារ។

ទន្ទឹមនឹងនេះដែរ ដើម្បីធ្វើការប៉ះប៉ូវផលប៉ះពាល់ដល់អាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនក៍នឹងសាងសង់អគាររដ្ឋបាលថ្មីមួយដែលមានតម្លៃ ១១លានដុល្លារនិងចំណតផែពហុបំណងថ្មីចំនួន ២ ដែលមានតម្លៃ ៣០លានដុល្លារ។

ដោយឡែកទាក់ទងនៅនឹងព័ត៌មានលម្អិតនៃគម្រោងដួចជា ទឹកប្រាក់វិនិយោគ កាលបរិច្ឆេទសាងសង់ និង ទ្រង់ទ្រាយច្បាស់លាស់នៃគម្រោង សេចក្តីប្រកាសព័ត៌មានពុំទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]