រដ្ឋាភិបាលស៊ុយអែតនិងUNDPរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា

រូបភាពដោយ Rumduol Post

រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ UNDP នឹងរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានប្រកាសកាលពីពេលថ្មីៗនេះ។

បើកប្រកាសកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Raffle Le Royal «គម្រោងដំណើរការឆ្ពោះទៅរកនិរន្តរភាពបរិស្ថាននៅកម្ពុជា Toward Environmental Sustainability (TES) » ដែលមានថវិកាជំនួយប្រមាណជា ១.៨ លានដុល្លារអាមេរិក គឺនឹងធ្វើការដោះស្រាយបញ្ហាប្រឈមផ្សេងៗដើម្បីទទួលបានថាមពលដោយធម្មជាតិ និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងគោលបំណងដើម្បីពង្រីកបណ្តាញអគ្គិសនីឲ្យបានទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ ក៏ដូចជា តភ្ជាប់ចរន្តអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឲ្យបាន ៧០ ភាគរយ។

លើសពីនេះ រដ្ឋាភិបាលក៏បានសន្យាក្នុងកិច្ចព្រមព្រៀងប៉ារីស ថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចំនួន ២៧ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដែលគម្រោង TES ខាងលើគឺជាផ្នែកមួយនៃការជួយធ្វើឲ្យគោលដៅនៃការអភិវឌ្ឍន៍នេះទទួលបានជោគជ័យ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «គម្រោងនេះ នឹងបង្ហាញឲ្យឃើញពីសក្កានុពលនៃថាមពលពន្លឺព្រះអាទិត្យ តាមរយៈការលុបបំបាត់របាំងគោលនយោបាយ របាំងបច្ចេកទេស និងរបាំងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ឲ្យប្រជាពលរដ្ឋគ្រប់រូបឲ្យមានអគ្គិសនីប្រើប្រាស់ ក្នុងស្តង់ដារដែលអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ ជាពិសេសសម្រាប់សហគមន៍ដាច់ស្រយោល ដែលអគ្គិសនីរបស់រដ្ឋមិនទាន់ទៅដល់»។

អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក Nick Beresford បានមានប្រសាសន៍ថា៖ «ការប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យកាន់តែច្រើនជាងមុន គឺជាវិធីមួយដែលកម្ពុជាអាចបន្តសម្រេចនូវវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដើម្បីក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែត្រូវសម្រេចគោលដៅនេះតាមបែបផែនដែលប្រកបដោយនិរន្តរភាព និងមានផលប៉ះពាល់ដល់បរិស្ថានតិចបំផុត។

ទន្ទឹមនឹងនេះដែរ លោកជំទាវ Maria Sargren អគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា បានមានប្រសាសន៍ដែរថា៖ «រដ្ឋាភិបាលស៊ុយអែត មានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការគាំទ្រគម្រោងនេះ….ដើម្បីពង្រីកលទ្ធភាពទទួលបានថាមពល ក៏ដូចជាជួយកម្ពុជាឲ្យបោះជំហានឆ្ពោះទៅកាន់ការសម្រេចបាននិរន្តរភាពបរិស្ថាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]