រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាកាត់បន្ថយប្រើថាមពលក្នុងអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០
ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីថាមពលឆ្លាតវៃ(PowerWise) ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម បានថ្លែងថា កម្មវិធីនេះ ជាការផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅដ៏មានមហិច្ឆតាក្នុងឆ្នាំ២០៥០របស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ដែលជាការរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ»។
កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣០ នៅទូទាំងប្រទេសកម្ពុជា។
គម្រោងនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។
- Video Advertisement -