រដ្ឋ និងឯកជន សម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីអចលនទ្រព្យ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកឱ្យស្ទុះងើបមកវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបានឯកភាពគ្នាកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
ចំពោះអត្រាការប្រាក់ ៨% នេះ នឹងត្រូវអនុវត្តសម្រាប់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញផ្ទះ ពិសេសបុរី។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំនៃក្រុមការងារសំណង់ និងអចលនវត្ថុ “ឌ” ក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងតំណាងមកពីធនាគារធំៗ រួមមានធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
កិច្ចពិភាក្សានេះបានឈានដល់ការឯកភាពគ្នាលើគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យលំនៅដ្ឋាន និងអចលនទ្រព្យកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ អ្នកជំនាញជឿជាក់ថា ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកទិញផ្ទះក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ និងកាត់បន្ថយយ៉ាងច្រើននូវវិវាទដែលកើតឡើងពីការខកខាន ជាពិសេសនៅក្នុងទីផ្សារលំនៅដ្ឋានរបស់បុរី។
លទ្ធផលនៃកិច្ចប្រជុំបានបង្ហាញថា គោលនយោបាយថ្មីនេះអាចជួយត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះដែលកំពុងកើតមាន និងលើកទឹកចិត្តដល់ការចាប់ផ្តើមថ្មីសម្រាប់ការលក់ និងការអភិវឌ្ឍន៍នៅក្នុងទីផ្សារអចលនទ្រព្យ។ ភាគីរដ្ឋ និងឯកជនបានប្តេជ្ញាចិត្តក្នុងការពិភាក្សាបន្ថែមទៀតដើម្បីកែលម្អ និងអនុវត្តគោលនយោបាយនេះឱ្យបានលម្អិតនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៅក្នុងក្របខណ្ឌក្រុមការងារ “ឌ” នៃវិស័យសំណង់ និងអចលនវត្ថុ។
ជាមួយគ្នានេះដែរ ក្រសួងលើកឡើងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាពរបស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មប្រាក់កម្ចី, និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជាជារួម៕
ខណៈដែលប្រទេសជាតិសម្លឹងរកការងើបឡើងវិញពីបញ្ហាប្រឈមនាពេលថ្មីៗនេះ វិធីសាស្រ្តសកម្មរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនេះ គឺជាជំហានវិជ្ជមានឆ្ពោះទៅមុខសម្រាប់ទីផ្សារអចលនទ្រព្យ និងភាគីពាក់ព័ន្ធរបស់ខ្លួន។
- Video Advertisement -