រយៈពេលត្រឹម ២៤២ថ្ងៃ កម្ពុជាបោះបង្គោលព្រំជុំវិញបឹងទន្លេសាបបានជាង ១ពាន់បង្គោល ស្មើនឹង ៨៣%
គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ៨៣,៣៣ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១.០៦៩ បង្គោល។
នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា រយៈពេល ២៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ការសង់បង្គោលព្រំក្នុងតំបន់បី នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១.០៦៩បង្គោល ស្មើនឹង ៨៣,៣៣%។
ឯកឧត្តមបន្តថា ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់ ១០០% រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោល ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេច ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ ទំហំផ្ទៃដីតំបន់មួយមានចំនួន ៤៣៦.៨៧៩,១១ហិកតា តំបន់ពីរមានចំនួន ៤១៣.៤៨៨,០៨ ហិកតា និង តំបន់បីមានចំនួន ៥៦១.៦៣៤,៦០ ហិកតា។គួររំលឹកថា តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជាបីតំបន់ ក្នុងនោះមាន តំបន់មួយ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់ពីរ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់បី ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ម៉ែត្រ។
ដោយឡែក ការបោះបង្គោលព្រំតំបន់៣ ពីអាជ្ញាធរទន្លេសាប ធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យរៀបចំធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលតំបន់១ តំបន់២ និងតំបន់៣ ឱ្យបានត្រឹមត្រូវ និងសុក្រឹតភាព ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕
- Video Advertisement -