រយៈពេល១ឆ្នាំ ខេត្តកំពង់ស្ពឺ ស្រូបទាញវិនិយោគថ្មីបានរហូត ៩៥គម្រោង វ៉ាដាច់ខេត្តទាំងអស់នៅកម្ពុជា
ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ៣៩១គម្រោង ក្នុងនោះឃើញថាខេត្តកំពង់ស្ពឺ បានស្រូបទាញការវិនិយោគថ្មីបានច្រើនជាងគេរហូតដល់ ៩៥គម្រោង វ៉ាដាច់ខេត្តដទៃនៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍ ដែលបង្ហោះដោយ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងនោះ គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។
តាមរយៈរបាយការណ៍ខាងលើ ក៏បានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ ៩៥គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន ៧៣គម្រោង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១គម្រោងនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥២ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ៣៩ ភាគរយ, រីឯវិស័យទេសចរណ៍មាន ៨ភាគរយ, ខណៈវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២ភាគរយ ប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤.៦៧២លានដុល្លារ ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។
ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕

- Video Advertisement -