រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។

បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។

នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤។

តាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៤៣គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤០គម្រោង។ (របាយការណ៍លម្អិត)

ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩០គម្រោងនេះ ឃើញថាវិស័យទេសចរណ៍បានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥៦.៥៩ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ២៣,១១ភាគរយ, រីឯវិស័យឧស្សាហកម្មមាន ១៨,០៧ភាគរយ, ខណៈកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២,២១ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ឃើញថាមានគម្រោងវិនិយោគមួយចំនួនមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖

ទី១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយប្រាំចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៦០ កន្លែង។

ទី២_គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អនុភាព 150MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

ទី៣_គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ១០៨លានដុល្លារ និង អាចបង្កើតការងារបាន ១១៥កន្លែង។

ទី៤_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង។

ទី៥_គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

ទី៦_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបាន ៤៣កន្លែង។

ទី៧_គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អដើមណូអែល គ្រឿងបង្គុំដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូលអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣០៦កន្លែង

ទី៨_គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្ដេចស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

ទី១_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅខេត្តស្វាយរៀង ដែលលើកទី១ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥ កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។

ទី២_គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។

ទី៣_គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។

ទី៤_គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។

ទី៥_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ១៦៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

ទី៦_គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀងក្នុងទុនវិនិយោគ ៧៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។

ទី៧_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល ក្នុងទុនវិនិយោគប្រមាណ ៣២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២កន្លែង។

ទី៨_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]