រយៈពេល ៤ខែ ក្រុមហ៊ុនប្រមូលសំរាមនៅពោធិ៍សាត់ ច្នៃសំរាមទៅជាជីសរីរាង្គបាន ៤៥០តោន ខណៈ១ឆ្នាំកម្ពុជាបង្កើតសំរាមជិត ៤លានតោន
ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) (Save the Lives (Cambodia) Co Ltd) ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង នៅខេត្តពោធិ៍សាត់ បានកែច្នៃកាកសំណល់ និងសំរាម ទៅជាជីសរីរាង្គធម្មជាតិ ។
លោក ស៊ី ឡែន ប្រធានក្រុមហ៊ុន បានឱ្យដឹង ក្រុមហ៊ុន ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងបានចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
លោកបន្តថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។
លោក អះអាងថា ផលិតផលជីសរីរាង្គធម្មជាតិ ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូមន្រ្តីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មក្រុមហ៊ុនខាងលើ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
ឯកឧត្តម បន្តថា៖ “ការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា”។
បើតាមការបញ្ជាក់របស់ឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង១ម៉ឺននតោនក្នុងមួយថ្ងៃ។
ដោយឡែក នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានប្រមាណចន្លោះពី ចំនួន៣០០០ តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០% និងលើសពីនេះគឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។ មកដល់ថ្ងៃនេះ សំរាមសំណល់រឹង ប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥,៥០០ តោន ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨ តោន៕



- Video Advertisement -