រោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់ជាតិនិងចាប់ផ្តើមមាននៅឆ្នាំ ២០១៨
បន្ទាប់ពីឆ្នាំនៃភាពមិនច្បាស់លាស់ និងភាពចម្រូងចម្រាសនៅក្នុងវិស័យឥន្ធនៈក្នុងស្រុក រោងចក្រចម្រាញ់ប្រេងដំបូងរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងមានវត្តមាននៅឆ្នាំ ២០១៨ តាមរយៈការបណ្តាក់ទុនរួមគ្នារវាងកម្ពុជា និងក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ។
ក្រុមហ៊ុនគីមីឥន្ធនៈកម្ពុជា Cambodia Petrochemical Company (CPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ ៦២០ លានដុល្លារអាមេរិក នៅក្នុងខែឧសភាជាមួយនឹងក្រុមហ៊ុន Chinese National Petroleum Company (CNPC) Northeast Refining and Chemical Engineering ហើយការងារវិស្វកម្មដំណាក់កាលទីមួយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែ តុលា។
រោងចក្រចម្រាញ់ប្រេងនេះមានទីតាំងស្ថិតនៅលើតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា និងត្រូវបានសាងសង់លើផ្ទៃដី ៣៦៥ ហិកតា នៅចន្លោះខេត្តកំពត និងខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតបានប្រេងចំនួន ៥ លានតោនក្នុងមួយឆ្នាំ ឬប្រហែល ៩០,០០០ ធុងក្នុងមួយថ្ងៃ (បារ៉ែលក្នុងមួយថ្ងៃ)។ ប៉ុន្តែរោងចក្រនេះនឹងផលិតបានត្រឹមតែ ២ លានតោនក្នុងមួយឆ្នាំ ឬប្រហែល ៤០, ០០០ បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ នៅក្នុងអំឡុងពេលដំណាក់កាលដំបូងនៃប្រតិបត្តិការរបស់ខ្លួន មុនពេលដែលរោងចក្រនេះអាចពង្រីកទៅកាន់ប្រតិបត្ដិការពេញលេញនៃ ១០០,០០០ បារ៉ែល។
រោងចក្រនេះត្រូវបានគេរំពឹងថានឹងសាងសង់ឡើង ដើម្បីចម្រាញ់ប្រេងឆៅនាំចូលពីមជ្ឈឹមបូព៌ា រហូតដល់ការទាញយកប្រេងក្នុងស្រុកចាប់ផ្តើម តាំងពីពេលដែលប្រទេសកម្ពុជាមិនទាន់អាចទាញយកប្រេងរបស់ខ្លួនបានម្ល៉េះ។ រោងចក្រនេះមានសមត្ថភាពក្នុងការចម្រាញ់ប្រេងទាំងពីរប្រភេទដែលគេហៅថាប្រេងឆៅផ្អែម ឬប្រេងមានកម្រិតស្ពាន់ធ័រទាប និងប្រេងឆៅជូរ ឬប្រេងមានកម្រិតស្ពាន់ធ័រខ្ពស់។
កាកសំណល់ពីរោងចក្រចម្រាញ់ប្រេងនេះនឹងត្រូវបានប្រើដើម្បីផលិតជី កង់រថយន្ត និងផលិតផលផ្សេងទៀត ។ ៨៥ ភាគរយនៃប្រេងចម្រាញ់ហើយនឹងបម្រើទីផ្សារក្នុងស្រុក ចំណែកដែលនៅសល់នឹងត្រូវនាំចេញទៅក្រៅប្រទេស។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យានៅក្នុងរាជធានីភ្នំពេញក្នុងខែ ឧសភា ឆ្នាំ ២០១៦ លោកឧកញ៉ា ហាន់ ឃាង នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនគីមីឥន្ធនៈកម្ពុជា (CPC) បានឲ្យដឹងថា វាគឺជាពេលវេលាសម្រាប់កម្ពុជាដែលមានរោងចក្រចម្រាញ់ប្រេងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងទៀត ជាពិសេសនៅក្នុងតំបន់អាស៊ាន។
លោកបានប្រាប់ Khmer Times ថា “ដោយសារយើងជាប្រទេសក្រោយគេដែលមានរោងចក្រចម្រាញ់ប្រេង ដូចនេះរោងចក្រថ្មីនេះនឹងមានបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមួយដែលមានស្ដង់ដារខ្ពស់ ដើម្បីទទួលបានចំណែកទីផ្សារក្នុងនាមជាអ្នកផលិតប្រេងមួយនៅក្នុងតំបន់នោះ។”
បើតាមលោកឧកញ៉ា មានក្រុមហ៊ុនបរទេសជាច្រើនបានអង្កេតលទ្ធភាពសម្រាប់ការវិនិយោគលើរោងចក្រចម្រាញ់ប្រេងនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានក្រុមហ៊ុនណាបានវិនិយោគលើរោងចក្រចម្រាញ់ប្រេងនោះទេ។ នៅឆ្នាំ ២០១០ លោកឧកញ៉ា ហាន់ ឃាង បានសហការជាមួយក្រុមហ៊ុនចិន ធ្វើការចុះបញ្ជីក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានការអនុញ្ញាតដើម្បីសិក្សាគម្រោងវិនិយោគប្រេងនៅក្នុងប្រទេសនេះ។
បន្ទាប់ពីបានចំណាយរយៈពេលប៉ុន្មានឆ្នាំលើនីតិវិធី និងបញ្ហាដែលទាក់ទងទៅនឹងការវិនិយោគរោងចក្រចម្រាញ់ប្រេងនេះ អាជ្ញាធរប្រេងកាតកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណវិនិយោគទៅឲ្យក្រុមហ៊ុន CPC នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១១ ដើម្បីធ្វើការសិក្សាលទ្ធភាពសម្រាប់រោងចក្រចម្រាញ់ប្រេង។
ក្រុមហ៊ុន CPC បានបំពេញនីតិវិធីចាំបាច់ទាំងអស់ និងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ រហូតបានទទួលលិខិតអនុញ្ញាតសាងសង់មួយដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងមួយក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២។
ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering នឹងគ្រប់គ្រងការអនុវត្តលទ្ធកម្ម និងការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងរបស់កម្ពុជា។ ក្រុមហ៊ុននេះជាអ្នកជំនាញក្នុងឧស្សាហកម្មប្រេង និងគីមីមួយ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតកម្ម ដែលជាកម្មសិទ្ធិរបស់រដ្ឋចិនឈ្មោះថា ក្រុមហ៊ុន CNPC។
ក្រុមហ៊ុន CNPC គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសាជីវកម្មប្រេង និងវិស្វកម្មគីមីកំពូលៗរបស់ចិនទាំងបី។ ក្រុមហ៊ុនពហុវិស័យនេះត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុននៅក្នុងឆ្នាំ ២០១០ ជាមួយនឹងតម្លៃភាគហ៊ុនជាង ៣ ទ្រីលានដុល្លារអាមេរិក ហើយជាប់ចំណាត់ថ្នាក់ជាស្ថាប័នហិរញ្ញវត្ថុដែលល្អបំផុតលំដាប់ទី ១៤ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មកំពូលៗទាំង ៥០០ របស់ពិភពលោក។
លោក Li Limin ប្រធានក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងដំបូងគេនេះ នឹងជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈដែលរោងចក្រនេះនឹងមានសុវត្ថិភាពដោយអនុវត្តតាមស្តង់ដារអន្តរជាតិ និងមានគិតគូរដល់បរិស្ថាន។”
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ឯកឧត្តម ស៊ុយ សែម បានស្វាគមន៍ចំពោះរោងចក្រចម្រាញ់ប្រេងនេះ ដោយវាស្របនឹងបន្ទាត់គោលនយោបាយរបស់រដ្ឋាភិបាល ដែលធ្វើការជំរុញឲ្យមានការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័នដើម្បីឲ្យប្រទេសកម្ពុជាអាចផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងស្រុកបានច្រើនក្នុងតម្លៃសមរម្យ។
លោកបានថ្លែងថា “ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនទាំងអស់ឲ្យជួយសម្រួលនិងវិនិយោគលើវិស័យប្រេង និងឧស្ម័នឲ្យកាន់តែច្រើនឡើង។”
រោងចក្រចម្រាញ់ប្រេងនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១១ ប៉ុន្តែទោះបីជាមានការធានាប្រាក់កម្ចីចំនួន ១.៦៧ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងពីធនាគារ Chinese Ex-Im Bank របស់ចិនក្នុងឆ្នាំ ២០១៣ ក៏ដោយ ក៏ហាក់មានដំណើរការរីកចម្រើនតិចតួចចាប់តាំងពីពេលនោះមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាប្រធានអាជ្ញាធរប្រេងកាតកម្ពុជា បានមានប្រសាសន៍កាលពីមុនថា បច្ចុប្បន្នតម្រូវការប្រេងកម្ពុជាគឺជាង ១លានតោនក្នុងមួយឆ្នាំ ហើយអាចបំពេញតម្រូវការនេះបានដោយការនាំចូលប្រេងពីប្រទេសវៀតណាម សិង្ហបុរី និងប្រទេសថៃ។

