រោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី២ កំពុងប្រតិបត្តិការ

រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​និរោធ​ដំណាក់កាល​ទី ២ បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ខែ​មេសា ក្នុង​ការផ្តល់​សេវា​ទៅ​ដល់​តំបន់​ជាយក្រុង និង​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ ដោយ​មាន​សមត្ថភាព​ផ្តល់​ទឹក ៥៦០.០០០​ម៉ែត្រគូប​។​

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​មាន​តម្លៃ ៦០ លាន​ដុល្លារ ក្រោម​ការឧបត្ថម្ភ​រួមគ្នា​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (​ចំនួន ៤,៩​លាន​ដុល្លារ​) និង​កម្ចី​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ចំនួន ៣៦​លាន​ដុល្លារ​អាមេរិក​។​

​ការសាងសង់​ដំណាក់កាល​ទី​២ ចំណាយពេល ៣០​ខែ ចាប់ផ្តើម​ពី​ខែ​សីហា ឆ្នាំ​២០១៤ និង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន VINCI Construction Grands Projects ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​ដោយ​មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ក្រុមហ៊ុន​ប្រឹក្សា Safege ដែល​មាន​មូលដ្ឋាន​នៅ​បារាំង​។ ក្នុងពេល​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​ដំណាក់កាល​ទី​២​នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​រាយការណ៍​ថា​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ដំណាក់កាល​ទី​១ បាន​ចាប់ផ្តើម​ក្នុង​ខែ​សីហា ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ដាក់​ប្រតិ​បត្ដិការនៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣​។ វា​ត្រូវ​ចំណាយ​អស់ ៩០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​កម្ចី​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង ២០ លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​ខ្ចី​ពី AFD សម្រាប់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​

​តាមរយៈ​ការរួមបញ្ចូល​គ្នា​នូវ​រោងចក្រ​ទាំងពីរ​ដំណាក់កាល​នេះ បច្ចុប្បន្ន​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​និរោធ​អាច​បង្កើន​សមត្ថភាពរ​បស់​ខ្លួន​ទ្វេដង​ពី ១៣០.០០០​ម៉ែត្រគូប ទៅ ៥៦០.០០០​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ​ដែល​អនុញ្ញាត​ឲ្យ​រោងចក្រ​ផ្គត់ផ្គង់​ទឹក​សម្រាប់​គ្រួសារ​បាន​រហូត​ដល់ ៣៣១.០០០​គ្រួសារ​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​តំបន់​ជាយក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​

​លោក​រដ្ឋមន្ត្រី​បាន​ប្រសាសន៍ថា “​តម្រូវការ​ទឹក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំង ជាពិសេស​នៅក្នុង​រាជធានី ជាមួយ​និង​ការកើនឡើង​នូវ​ចំនួន​គ្រួសារ ១៤.០០០​គ្រួសារ​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០០៤”​។​

​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​ថា អាជ្ញាធរ​ទិញយក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ឯកជន​នៅក្នុង​ខេត្ត​កណ្តាល និង​បន្ត​ការផ្គត់ផ្គង់​ទឹក​ទៅ​ដល់​ប្រជាជន ជាពិសេស​ឃុំ និង​ភូមិ​ដែល​ត្រូវបាន​បញ្ចូល​ថ្មី ក្នុង​តម្លៃ​ដូច​គ្នា​និង​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។ លោក​បាន​ណែនាំ​ស្តីពី​ការបង្កើត​ពន្ធ​អគ្គិសនី​មានតម្លៃ​សមរម្យ​សម្រាប់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ទូទាំងប្រទេស ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្តល់​នូវ​ទឹក​ដែល​មាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សរសើរ​ថា “​គុណភាព​ទឹក​ដែល​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​និរោធ​ផ្គត់ផ្គង់​គឺ​ល្អ​ប្រសើរ​ច្រើន​ជាង​ទឹក​ដែល​យើង​ផ្គត់ផ្គង់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ព្រោះថា​ប្រជាពលរដ្ឋ​អាច​ផឹកទឹក​ចេញពី​ក្បាល​រ៉ូ​ប៊ីនេ​តែម្តង​។ តែ​ទោះ​យ៉ាងណា ដើម្បី​ថែ​ទាំង​សុខភាព យើង​គួរ​ដាំ​វា​សម្រាប់​បរិភោគ​”​។

​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ជា​ស្ថាប័ន​ស្វយ័ត​ដែល​ផ្គត់ផ្គង់​ទឹក​ដល់​រាជធានី​ភ្នំពេញ និង​ទៅ​កាន់​តំបន់​មួយចំនួន​នៅ​តាខ្មៅ និង​ខេត្ត​កណ្តាល​។ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​បាន​វិនិយោគ​នៅក្នុង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក និង​ពង្រីក​បណ្តាញ​ចែកចាយ ដោយ​មាន​ការគាំទ្រ​ពី FAD ធនាគារពិភពលោក និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​។​

​យោង​តាម​ស្ថិតិ​ពី​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ ២០ ភាគរយ​នៃ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​អាច​ទទួលបាន​ការផ្គត់ផ្គង់​ទឹក​របស់​ទីក្រុង​ក្នុង​ឆ្នាំ ១៩៩៣ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ទីក្រុង​បាន​កើន​ឡើង​ជាង​បួន​ដង​។​

​មាន​គម្រោង​ជា​ច្រើន​ទៀត​ខាងក្រៅ​រាជធានី​ភ្នំពេញ​។ កាលពី​ពីរ​ឆ្នាំមុន អង្គការ JICA បាន​ប្រកាស​ពី​ការផ្តួចផ្តើម​សាងសង់​រោងចក្រ​ផ្គត់ផ្គង់​ទឹក​ចំនួន​ពីរ​នៅ​ខេត្ត​កំពង់ចាម និង​បាត់ដំបង ក្នុងតម្លៃ ៣០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]