រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

 

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។

សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។

បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​

គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED នេះបានទទួលវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣។ (អានបន្ថែម និងបន្ថែម)

គួរបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៥ នេះ កម្ពុជាមានរោងចក្រស៊ូម៉ងចំនួន៦ ដែលបានទុនវិនិយោគ​សរុបប្រមាណ ១,១១ពាន់លានដុល្លារ និងផ្តល់ការងារជូន​ប្រជា​ពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។ នេះបើតាមការបញ្ជាក់បន្ថែមពីពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ៕

- Video Advertisement -