លុយប្រមាណ ១ប៊ីលានដុល្លារចំណាយលើការអភិវឌ្ឍនៅខេត្តព្រះសីហនុ និង លើគម្រោងថាមពល

ថវិកាសន្សំប្រមាណ ១ពាន់លានដុល្លារ ត្រូវបានដកយកទៅវិនិយោគលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងទិញម៉ាស៊ីនភ្លើងទំហំ៤០០មេហ្គាវ៉ាត និងចំណាយលើគម្រោងផ្សេងៗក្នុងឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា រដ្ឋាភិបាលមានលទ្ធភាពប្រមូលចំណូលគាំទ្រឲ្យការចំណាយ ខណៈពេលដែលចំណូលដែលបានមកពីចំណូលពន្ធគយ និងពន្ធដារ រំពឹងថានឹងលើសផែនការច្បាប់ថវិកាឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រមូលចំណូល គាំទ្រដល់ការវិនិយោគភ្លាមៗ ដែលមកដល់ពេលនេះ ជានិច្ចជាកាល យើងមានសាច់ប្រាក់ក្នុងដៃ សាច់ប្រាក់ចាយបានជាង៣ពាន់លានដុល្លារ”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលពីពន្ធគយ និងពន្ធដារ នឹងលើសផែនការ ក្នុងឆ្នាំ២០១៩នេះ ក្នុងនោះចំណូលពីពន្ធគយ រំពឹងថា នឹងលើសផែនការប្រមាណពី៧០០លានដុល្លារ ទៅ៨០០លានដុល្លារ ខណៈដែលចំណូលពន្ធដារ រំពឹងថានឹងលើសផែនការ ៤០០លានដុល្លារ ទៅ៥០០លានដុល្លារ។

យោងតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយខែៗ កម្ពុជាអាចសន្សំប្រាក់ ១០០លានដុល្លារ ទៅ២០០លានដុល្លារ ខណៈប្រាក់ចំណូលមួយខែ ប្រមាណ៥០០លានដុល្លារ។

រដ្ឋាភិបាលបានចំណាយ ប្រមាណជិត៣០០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ បន្ថែមពីលើថវិកាវិនិយោគដែលមានស្រាប់ប្រមាណ៦០០លានដុល្លារ។ ចំណែកថវិការប្រមាណជិត៤០០លានដុល្លារ គឺសម្រាប់ទិញម៉ាស៊ីនភ្លើងពីប្រទេសហ្វាំងឡង់ និងអាឡឺម៉ង់ ដើម្បីដំឡើងនៅខេត្តកណ្តាល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]