វិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sima Xiao ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន ក្រោមអធិបតីយភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ផែនការមេនេះ កំណត់គោលដៅអភិវឌ្ឍប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ។

ទាក់ទិននឹងផែនការនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ឱ្យមកពន្លឿនការងាររៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នេះ ដោយមានរដ្ឋមន្រ្តីឆ្នើម ៣រូប ជាប្រធាន។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -