វិទ្យាស្ថាន GGGI កំពុងសិក្សាលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាបនាពេលខាងមុខ ខណៈបច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ។
នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយ កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។
កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺចង់បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សា និងធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់ GGGI ដើម្បីនឹងរៀបចំផែនការបន្ទាប់។
គួរបញ្ជាក់ដែរថា ទាក់ទង់នឹងគម្រោងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គីសនីនេះដែរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យដៃគូរពាក់ព័ន្ធ និងវិស័យឯកជន បង្កើនការអនុវត្តន៍គម្រោងរថយន្តអគ្គិសនីឲ្យកាន់តែច្រើន ព្រោះកន្លងមកឯកឧត្តម ធ្លាប់បានលើកឡើងពីគម្រោងសង់ផ្លូវវាងក្រុងសៀមរាប ដោយប្រើប្រព័ន្ធឡានក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលនេះគឺជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃ។ (អានបន្ថែម)

