វិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ
កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត
កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។
ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖
ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។
នេះគឺជាមេរៀនថ្មី ដែលគ្រប់គ្នាអាចរៀនបាន មិនថាជាមេដឹកនាំអាស៊ាន ឬប្រជាពលរដ្ឋអាស៊ានធម្មតា សុទ្ធតែអាចរៀនបានដូចគ្នា គឺថាសកម្មភាពមិនចាំបាច់មួយចំនួនគួរកាត់បន្ថយ ដោយជំនួសមកវិញនូវរបៀបរបបធ្វើការងារថ្មីមួយ ដែលគាំទ្រដោយបច្ចេកវិទ្យា។ ដូចដែលយើងបានឃើញស្រាប់ ចង់មិនចង់ កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំនេះ ត្រូវបង្ខំចិត្តរៀបចំឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ១៤ មេសា កន្លងទៅនេះ។
សូមរម្លឹកថា ការប្រើបច្ចេកវិទ្យាឌីជីថល សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ គឺជាចំណុចស្នូលនៃការរៀបចំទីក្រុងឆ្លាតវៃ។ ឬនិយាយសាមញ្ញថា ទីក្រុងឆ្លាតវៃ គឺជាការបំពាក់បច្ចេកវិទ្យាឌីជីថលទៅលើប្រតិបត្តិការ និងទៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្មរបស់ទីក្រុង។
ដូច្នេះ ការចាប់យកឱកាសដែលប្រជាពលរដ្ឋក្នុងទីក្រុងអាស៊ានចាប់ផ្តើមងាកមកប្រើបច្ចេកវិទ្យាសម្រាប់សកម្មភាពសេដ្ឋកិច្ច វៀតណាមអាចភ្ជាប់ជាមួយផែនការអាស៊ានដែលបានគ្រោងឡើងពីរឆ្នាំមកហើយ ដើម្បីជំរុញឱ្យមានអនុវត្តភាពបច្ចេកវិទ្យាបែបនេះសម្រាប់ដំណោះស្រាយទីក្រុង។ បែបនេះ វៀតណាមអាចជំរុញឱ្យមានការអនុវត្តភ្លាមៗនូវគម្រោងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរឹងមាំឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអាស៊ានក្នុងស្ថានភាព ក្រោយចប់ការរាតត្បាត។
ហេតុផលទីពីរ បន្ថែមទៅលើភាពជាគំរូក្នុងការឆ្លើយតបកូវីដ -១៩ ដែលវៀតណាមកំពុងបង្ហាញភាពជោគជ័យនេះទៅកាន់ប្រទេសអាស៊ានផ្សេងទៀត វៀតណាម ក៏អាចធ្វើជាគំរូក្នុងការសម្រេចបានសមិទ្ធផលទីក្រុងឆ្លាតវៃ សម្រាប់ប្រទេសកំពុងអភិវឌ្ឍទាបនៅអាស៊ានបានដែរ។ ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យទីក្រុងឆ្លាតវៃរបស់ខ្លួន រដ្ឋបាលក្រុងហាណូយ អាចចែករំលែកបទពិសោធន៍ និងគំរូអភិបាលកិច្ចទីក្រុងឆ្លាតវៃ ដោយយកទីក្រុងចំនួន ៣ របស់ខ្លួន គឺហាណូយ ហូជីមិញ និងដាណាំង ធ្វើជាគំរូផ្ទាល់តែម្តង៖
រដ្ឋធានីហាណូយ៖ បានចាប់ផ្តើមបង្កើតកម្មវិធី iParking សម្រាប់អ្នកបើកបររួចហើយ និងកំពុងបញ្ជ្រាបប្រព័ន្ធឌីជីថលនេះ ទៅក្នុងវិស័យសុខាភិបាល ការអប់រំ ដឹកជញ្ជូន និងទេសចរណ៍។
អនាគតទីក្រុងឆ្លាតវៃដាណាំង៖ ដាណាំង កំពុងរំកិលខ្លួនក្លាយជាទីក្រុងបៃតង តាមរយៈការអនុម័តដំណោះស្រាយឆ្លាតវៃសម្រាប់អភិបាលកិច្ចនគរូបនីយកម្មរបស់ខ្លួន។ បច្ចុប្បន្ននេះ ទីក្រុងយុទ្ធសាស្ត្រចំកណ្តាលប្រទេសមួយនេះ កំពុងចាប់ផ្តើមបង្កើតប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ខ្លួន ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាខ្ពស់នេះដែរ។
អនាគតទីក្រុងឆ្លាតវៃហូជីមិញ៖ ក្នុងភូមិសាស្ត្រខាងត្បូងប្រទេសវៀតណាម ទីក្រុងនេះ គ្រោងនឹងក្លាយជាទីក្រុងឆ្លាតវៃដំបូងបង្អស់របស់ប្រទេសវៀតណាម និងផ្តោតការយកចិត្តទុកដាក់លើការសម្រេចបាននូវដំណាក់កាលចំនួន ៥ ដើម្បីឈានទៅសម្រេចបានមហិច្ឆតា ទីក្រុងឆ្លាតវៃសមាហរណកម្មរបស់ខ្លួន។ ដំណាក់កាលទាំង ៥ នោះ មានដូចជា៖ ១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យកុំព្យូទ័រ (Cloud Computing) ២) ការប្រើប្រាស់ទិន្នន័យធំ (Big Data) ៣) ការកសាងមជ្ឈមណ្ឌលទិន្នន័យ ៤) ការដំឡើងមណ្ឌលសន្តិសុខឌីជីថល និង ៥) ការបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យបើកចំហ (open data ecosystem)។
បើសម្រេចបានដូចផែនការ វៀតណាម នឹងបន្សល់កេរដំណែលដ៏សំខាន់របស់ខ្លួន ក្នុងនាមជាប្រធានដែលនាំអាស៊ានចេញពីវិបត្តិសេដ្ឋកិច្ចសង្គម ដែលត្រូវបាននាំមកដោយជំងឺរាតត្បាត COVID-១៩ ។ ដោយសារទីក្រុងអាស៊ានទាំង ៣៦ បានរៀបចំ គម្រោងយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងឯកសារ “ផែនការសកម្មភាពទីក្រុងឆ្លាតវៃអាស៊ាន” រួចមកហើយ ដូច្នេះ អ្វីដែលរដ្ឋបាលក្រុងហាណូយ អាចធ្វើបាន គឺអំពាវនាវឱ្យមានការប្រជុំតាមអ៊ិនធើណែត ជាមួយមេដឹកនាំជាតិរៀងៗខ្លួន និងអភិបាលក្រុងដែលពាក់ព័ន្ធ និងកំណត់ពេលវេលាអនុវត្តជាក់លាក់ យ៉ាងហោចឱ្យបានមុនចប់អាណត្តិរបស់ខ្លួន។
ដោយឡែក អនាគតទីក្រុងឆ្លាតវៃទាំងបីរបស់កម្ពុជា គឺរាជធានីភ្នំពេញ ទីក្រុងឆ្លាតវៃសៀមរាប និងទីក្រុងឆ្លាតវៃបាត់ដំបង ដែលរដ្ឋាភិបាលបានដាក់បញ្ចូលជាទីក្រុងក្នុងបណ្តាញទីក្រុងទំនើបវៃឆ្លាតអាស៊ាន កាលពីខែ កុម្ភៈ ឆ្នាំទៅ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោង។ តិ្បតថា ដំណើរការរៀងយឺតផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្តិច បើធៀបទៅនឹងដំណើរការកសាងស្មាថស៊ីធី នៃទីក្រុងទាំងបីរបស់វៀតណាម តែកម្ពុជាក៏អាចមានលទ្ធភាពឆ្លៀតយកឱកាសប្រឈមកូវីដ១៩នេះ សម្រួចសកម្មភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃរបស់ខ្លួន ដោយផ្តោតអាទិភាពលើការរៀបផែនការ និងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដូចវៀតណាមបានដែរ។
សូមបញ្ជាក់ថា សសរស្តម្ភទាំងបី នៃចក្ខុវិស័យ “បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន “ មាន៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងអភិបាលកិច្ចទីក្រុង ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច។ ក្នុងចំណោមមុំទាំងបីនេះ មានខ្លះ ត្រូវបានរដ្ឋបាលវៀតណាម ចាប់ផ្តើមបំពាក់ក្នុងអភិបាលកិច្ចទីក្រុងឆ្លាតវៃទាំងបីរបស់ខ្លួនបណ្តើរៗហើយ៕

