វិភាគ៖ តើ ADB សំអាងលើអ្វីទើបព្យាករថាសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំ ២០២១?

ធនាគារអភិវឌ្ឍអាស៊ី ឬ ADB កាលពីថ្ងៃទី ២៨ មេសា នេះ បានចេញរបាយការណ៍ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ និង ៥,៥% ក្នុងឆ្នាំ ២០២២ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។

ការព្យាករណ៍នេះ ជាដំណឹងល្អ ឬ ជាសញ្ញាវិជ្ជមានពិតមែន ឬយ៉ាងណា? ប៉ុន្តែបើសង្កេតមើលលើស្ថានភាពបច្ចុប្បន្ន តើទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចពេលនេះអាចនឹងកើនឡើងបានពិតមែនឬ យ៉ាងណា?

ADB មិនបានបង្ហាញពីទិន្នន័យលម្អិតពីរបៀបនៃការព្យាករណ៍កំណើននេះឡើយ ប៉ុន្តែបានប្រើអំណះអំណាងធំៗថាកំណើនសេដ្ឋកិច្ចអាចនឹងកើនឡើងគឺដោយសារ៖ ទី ១) ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការការនាំចេញរបស់ប្រទេសកម្ពុជា និងទី ២) នយោបាយឆ្លើយតបបានយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ។

ប៉ុន្តែ ADB ក៏បានលើកឡើងទៀតថា  នឹងមានហានិភ័យចម្បងធំៗ ៤ កត្តាផ្សេងទៀត ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនកើនឡើងដូចជាការព្យាករណ៍។ ហានិភ័យទាំងនោះ រួមមាន ការរីករាលដាលនៃការឆ្លងក្នុងសហគមន៍  កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប តម្រូវការក្នុងស្រុកនៅតែបន្តទុនខ្សោយ និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និងធនាគារ។

លើសពីនេះ ADB ក៏បានឱ្យដឹងទៀតថា ទោះជាកំណើនអាចនឹងកើតឡើងតាមការព្យាករណ៍ពិតមែនក្ដី ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់នឹងទទួលបានប្រយោជន៍ទាំងនេះស្មើៗគ្នានោះទេ។ ល្បឿនមិនស្មើគ្នានេះ  នឹងបន្តដាក់សម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួននៅក្នុងឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមមានការយឺតយ៉ាវផងដែរ។

ប្រឡេកមកមើលស្ថានភាពជាក់ស្ដែងវិញ ដោយសារតែការឆ្លងក្នុងសហគមន៍ រាជធានីភ្នំពេញ ក៏ដូចជាខេត្តក្រុងសំខាន់ៗមួយចំនួនត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចផ្អាកមួយកម្រិតធំ។ លើសពីនេះ ទោះស្ថិតក្នុងការបិទខ្ទប់ក្ដី ចំនួនករណីវិជ្ជមានក៏នៅតែខ្ពស់ ដែលជាកត្តាធ្វើឱ្យរដ្ឋាភិបាលអាចនឹងបន្តបិទខ្ទប់បន្ថែមទៀត។ ជាលទ្ធផល សេដ្ឋកិច្ចក៏ដូចជាវិស័យផ្សេងៗ ក៏នឹងបន្តនៅទ្រឹង។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ២ រូប រួមមាន ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate លោក សន សៀប និងអតីតនាយិកាភ្នាក់ងារ CBRE Cambodia អ្នកនាង អាន សុធីតា ធ្លាប់បានព្យាករថា ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពមិនអាចគ្រប់គ្រងបាន។ (អានបន្ថែម)

អ្នកជំនាញទាំង ២ រូបបានបន្ថែមថា វិស័យអចលនទ្រព្យអាចនឹងរងផលប៉ះពាល់ធ្ងន់ជាងឆ្នាំ ២០២០ ទៅទៀត  ប៉ុន្តែបើគិតក្នុងទិសដៅវិជ្ជមានអាចនឹងប្រសើរឡើង ប៉ុន្តែគឺអាចនឹងចាប់ពីត្រីមាសទី ៣ តទៅ។

ដូចគ្នានេះដែរ វិស័យសំណង់ក៏កំពុងរងសម្ពាធពីការបិទខ្ទប់។ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ Phnom Penh Post ថា ការបិទខ្ទប់នេះ ធ្វើឱ្យវិស័យសំណង់ជាពិសេសនៅទីក្រុងតាខ្មៅ និងខេត្តកណ្តាល មានការធ្លាក់ចុះយ៉ាងខ្លាំង។ កត្តានេះ បានធ្វើឱ្យលោកព្យាករថា សកម្មភាពសាងសង់នៅឆ្នាំ ២០២១ នៅតែមិនខ្ពស់ជាងកាលពីឆ្នាំ២០២០។ (អានបន្ថែម)

ជាក់ស្ដែង បច្ចុប្បន្នគឺជិតចូលដល់ ខែឧសភា ទៅហើយ តែស្ថានភាពនៅតែធ្ងន់ធ្ងរ។ ឧទាហរណ៍ បើទោះបីស្ថានភាពត្រូវគ្រប់គ្រងបាន ហើយគ្រប់យ៉ាងប្រសើរឡើងវិញចាប់ពីត្រីមាសទី៣តទៅ កម្ពុជាមានត្រឹមតែ ៣ ខែ ប៉ុណ្ណោះ ក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១។ ដូច្នេះ តើអាចទៅរួចឬទេ ដែលសេដ្ឋកិច្ចនឹងកើន ៤% ព្រោះកាលពីឆ្នាំ ២០២០ ប្រទេសគ្មានការបិទខ្ទប់ផង សេដ្ឋកិច្ចបានធ្លាក់ចុះដល់ទៅ ៣,១%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]