វេទិកាពិភាក្សារបស់ EuroCham បង្ហាញទស្សនៈវិស័យដ៏សំខាន់សំរាប់វិស័យថាមពល

សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា EuroCham បានរៀបចំកិច្ចពិភាក្សា Breakfast Talk កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដើម្បីជជែកពិភាក្សាទៅលើប្រធានបទ «របាយការណ៍ព្យាករណ៍ថាមពលថ្មីឆ្នាំ២០១៨ របស់ក្រុមហ៊ុន Bloomberg» ក៏ដូចជាការយល់ដឹងអំពីគម្រោងវិនិយោគទៅលើថាមពលដែលមានការប្រែប្រួលដោយសារមានវត្តមាននៃថាមពលថ្មីៗដែលមានតម្លៃទាប។

កម្មវិធី កិច្ចពិភាក្សា Breakfast Talk នេះ ប្រព្រឹត្តិឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal វេទិកាពិភាក្សាខាងលើបានអញ្ជើញវាគ្មិនមកពី Bloomberg New Energy Finance (BNEF) ក្រុមហ៊ុន Investing in Infrastructure (3i) និងភ្ញៀវផ្សេងៗទៀត ដែលមានចំនួនសរុបរហូតដល់ជាង ១០០នាក់។

យោងតាមប្រសាសន៍របស់កញ្ញា Colleen Regan វាគ្មិនដែលមកពី BNEF បានឲ្យដឹងថា ថាមពលដើរដោយពន្លឺព្រះអាទិត្យកំពុងផ្លាស់ប្តូរផែនការមូលដ្ឋាននៃការវិនិយោគថាមពលនៅទូទាំងពិភពលោក។ លើសពីនេះទៅទៀត កញ្ញា Colleen Regan ក៏បានឲ្យដឹងទៀតថារបាយការណ៍របស់ Bloomberg បានចង្អុលបង្ហាញថានៅឆ្នាំ ២០៥០ ការផលិតថាមពលក្នុងពិភពលោកនឹងត្រូវជំនួសដោយថាមពលដើរដោយខ្យល់និងព្រះអាទិត្យដោយសារការចំណាយទៅលើការផលិតថាមពលទាំងនោះគឺទាបជាងថាមពលដែលផលិតដោយពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

ដោយឡែកទាក់ទងទៅនឹងបរិយាកាសនៃការប្រើប្រាស់ថាមពលនៅប្រទេសកម្ពុជាវិញ លោក Morten Kvammen អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Investing in Infrastructure (3i) បានឲ្យដឹងថាប្រទេសកម្ពុជាមានការវិវត្តន៍យ៉ាងខ្លាំងក្នុងការពង្រីកវិសាលភាពនៃប្រភពនៃការបង្កើតថាមពលរបស់ខ្លួន។

លោក Morten Kvammen បានបន្ថែមថាក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានផ្លាស់ប្តូរពីអគ្គិសនីផលិតដោយប្រេងម៉ាស៊ូតហើយក៏បានកាត់បន្ថយការនាំចូលថាមពលពីអត្រា ៦០ភាគរយ មកត្រឹមតែ ២០ភាគរយ ខណៈពេលដែលតម្រូវការអគ្គិសនីមានការកើនឡើង។

ម៉្យាងវិញទៀតលោក Morten Kvammen ក៏បានឲ្យដឹងពីការរីកចម្រើនរបស់ប្រទេសកម្ពុជាទាក់ទងនឹងការផ្គត់ផ្គង់ថាមពលដែលក្នុងនោះគម្រោងវារីអគ្គីសនីជាច្រើនត្រូវបានបង្កើតក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរលោកក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់ថាមពលដើរដោយពន្លឺព្រះអាទិត្យផងដែរ។ លោកបានឲ្យដឹងទៀតថាគម្រោងមួយចំនួនបានដំណើរការរួចហើយនិងមួយចំនួនទៀតនឹងមានជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាខាងលើ វាគ្មិនទាំងអស់ក៏បានគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុម័តបទបញ្ញាត្តិរបស់ខ្លួនដែលសរបញ្ជាក់តាមរយៈការតភ្ជាប់ប្រព័ន្ធថាមពលដើរដោយព្រះអាទិត្យទៅក្នុងបណ្តាញអគ្គីសនីជាតិ។

ស្របពេលដែល ដំណើរនៃការជ្រើសរើសប្រភពផលិតថាមពលនៅប្រទេសកម្ពុជាកំពុងតែដំណើរការល្អ លោក Morten Kvammen បានសង្កត់ធ្ងន់ថាប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការធ្វើសមតុល្យអាទិភាពក្នុងការស្វែងរកជម្រើសថាមពលតម្លៃទាបបំផុតស្របពេលដែលកំពុងការពារសម្បត្តិថាមពលដែលមានស្រាប់។

ទោះបីជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងការលើកកម្ពស់ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា វាគ្មិនទាំងអស់ក្នុងពិធីបានឯកភាពថាធនាគារក្នុងស្រុកគួរតែចាត់ទុកថាមពលដើរដោយពន្លឺព្រះអាទិត្យជាទ្រព្យសម្បត្តិមួយព្រមទាំងផ្តល់ជាមូលនិធិផងដែរ។ ការលើកឡើងនេះគឺដោយសារតម្រូវការនៃការប្រើប្រាស់អគ្គីសនីនឹងបន្តកើនឡើងស្របពេលដែលការទាញយកអគ្គីសនីពីថាមពលដើរដោយពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺមានរយៈពេលតិចជាង៥ឆ្នាំ។

សូបបញ្ជាក់ផងដែរ EuroCham Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្នុងគោលបំណងជួយលើកកម្ពស់ផលប្រយោជន៍ជូនដល់ក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក៏ដូចជាជួយសម្រួលកិច្ចការមួយចំនួនទៅដល់ក្រុមហ៊ុនអឺរ៉ុបនិងរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ រហូតមកដល់ពេលនេះ EuroCham Cambodia មានសមាជិកជាង៣០០នាក់។

- Video Advertisement -